Select Page

Loading Events

« All Events

  • This event has passed.

ទិវាគណៈគិលានុបដ្ឋាកអន្តរជាតិ

12/05/2023

វឌ្ឍនភាពរបស់គិលានុបដ្ឋាកជាផ្នែកមួយនៃការអភិវឌ្ឍវិស័យសុខាភិបាល

(សៀមរាប)៖ ទិវាគណៈគិលានុបដ្ឋាកអន្តរជាតិ នៅខេត្តសៀមរាប ក្រោមប្រធានបទ «វឌ្ឍនភាពរបស់គិលានុបដ្ឋាកជាផ្នែកមួយនៃការអភិវឌ្ឍវិស័យសុខាភិបាល» បានធ្វើឡើងនៅសាលមហោស្រពមន្ទីពេទ្យជ័យវរ័្មនទី៧ ក្រុងសៀមរាប នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ដោយមានការចូលរួមជាអធិបតីពីសំណាក់លោកវេជ្ជបណ្ឌិត ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោក អ៊ុន សាន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា និងលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ព្រមទាំងលោកគ្រូ អ្នកគ្រូពេទ្យ និងគិលានុបដ្ឋាក គិលានុបដ្ឋាកយិការ ជាច្រើនចូលរួមផងដែរ។

ក្នុងឱកាសនោះដែរ លោក ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា គិលានុបដ្ឋាន មិនមែនជាអ្នកបម្រើរបស់គ្រូពេទ្យនោះទេ តែពួកគាត់ជាដៃគូសហការជាមួយគ្រូពេទ្យ។ លោកថា គិលានុបដ្ឋាកដែលល្អ បានជួយការងារគ្រូពេទ្យបានច្រើនផងដែរ។ លោក ធា គ្រុយ ក៏បានក្រើនរំលឹកដល់គ្រូពេទ្យ ក៏ដូចជាគិលានុបដ្ឋាក គិលានុបដ្ឋាកយិការ ទាំងអស់ត្រូវប្រឹងប្រែងពង្រឹងសមត្ថភាពខ្លួនឯងបន្ថែមទៀត និងត្រូវគោរពនូវក្រមវិជ្ជាជីវៈឲ្យ ម៉ត់ចត់ ព្រោះថា ក្រមវិជ្ជាជីវៈ បាននាំមកនូវសេចក្តីថ្លៃថ្នូដល់យើងគ្រប់គ្នា។

លោក អ៊ុន សាន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា បានលើកឡើងថា ថ្ងៃនេះគឺជាថ្ងៃមួយដ៏ល្អប្រសើរណាស់ដែលគណៈគិលានុបដ្ឋាកកម្ពុជា បានរៀបចំប្រារព្ធទិវាគិលានុបដ្ឋាកអន្តរជាតិ ឆ្នាំ២០២៣ ដែលប្រមូលផ្ដុំគិលានុដ្ឋាក យ៉ាងច្រើនកុះករពីគ្រប់មន្ទីរពេទ្យថ្នាក់ជាតិ មជ្ឈមណ្ឌលជាតិ និងមន្ទីរពេទ្យបង្អែកនានាទូទាំងព្រះរាជាណាចក្រកម្ពុជាព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិចូលរួមយ៉ាងច្រើនកុះករ ក្រោមប្រធានបទ «វឌ្ឍនភាពរបស់គិលានុបដ្ឋាក ជាផ្នែកមួយ នៃការអភិវឌ្ឍវិស័យសុខាភិបាល»

លោកបានបន្តថា ទិវាគិលានុបដ្ឋាកត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៦៥ និងមានការទទួលស្គាល់ប្រារព្ធទិវា គិលានុបដ្ឋាកតាមប្រទេសនីមួយៗរៀងរាល់ឆ្នាំនៅចន្លោះថ្ងៃទី៦-១៥ ខែឧសភា ក្នុងគោលបំណងដើម្បីអបអរសាទរ ដល់ការចូលរួម របស់គិលានុបដ្ឋាកក្នុងការធ្វើឱ្យមានការរីកចំរើននៅក្នុងសង្គមជាតិដែលគិលានុបដ្ឋាកកំពុងប្រកាន់ជំហរយ៉ាងរឹងមាំក្នុង ការដោះស្រាយបញ្ហា ដែលកំពុងប្រឈមមុខ និងបានធ្វើឱ្យមានការរីកចំរើនៅក្នុងសង្គមជាតិ ដែលគិលានុបដ្ឋាក ត្រូវបានទទួលស្គាល់ថាជាអ្នកប្រកបវិជ្ជាជីវៈ ដែលមានការទទួលខុសត្រូវ និងគណនេយ្យភាពដែលបំពេញការងារក្នុងភាពជា ដៃគូជាមួយអតិថិជនគ្រួសារនិងសហគមន៍កំពុងប្រកាន់ជំហរយ៉ាងរឹងមាំ ក្នុងការដោះស្រាយបញ្ហាក្នុងគោលបំណង បំពេញតាមតម្រូវការរបស់អ្នកជម្ងឺ និងការធ្វើឱ្យប្រសើរឡើងនូវលទ្ធផលផ្នែកសុខភាពតាមរយៈការកែលម្អរជាប្រព័ន្ធ និងការបង្កើនការយល់ដឹង ការស្វែងយល់ និងជំនាញ និងការអភិវឌ្ឍគុណសម្បត្តិបុគ្គល ដែលចាំបាច់ដល់ការអនុវត្តកាតព្វកិច្ចវិជ្ជាជីវៈដោយរួមបញ្ចូលទាំងដំណើរការនៃការទទួលខុសត្រូវតួនាទីនិងការទទួលខុសត្រូវជាពិសេសជម្រុញការអនុ វត្តច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យ សុខាភិបាល និងជម្រុញការអនុវត្តក្រមសីសម៌វិជ្ជាជីវៈជាប្រចាំដើម្បី ធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និងគុណតម្លៃក្នុងគោលបំណងលើកកំពស់គុណភាព និងសុវត្ថិភាពជូនអ្នកជំងឺ។

លោកបានបន្តថា ការប្រារព្ធពិធីនៅថ្ងៃនេះបានបង្ហាញនូវឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់គិលានុបដ្ឋាក ក្នុងការចូលរួមចំណែកអភិវឌ្ឍជំនាញ វិជ្ជាជីវៈ សំដៅធ្វើឱ្យមានការរីកចំរើននៅក្នុងសង្គមជាតិ តាមរយៈ ការចូលរួមដោះស្រាយបញ្ហាសុខភាពចំបងៗ ដែល កំពុងប្រឈមមុខ ដូចជាកំណើននៃជំងឺមិនឆ្លង ការបង្ករោគក្នុងមន្ទីរពេទ្យ ជំងឺមនុស្សចាស់ជរា និងជាពិសេសបញ្ហាកង្វះកំលាំងពលកម្ម គិលានុបដ្ឋាកនៅពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត នៅក្នុងប្រទេសតំបន់ និងទូទាំងពិភពលោក។

លោកបន្តទៀតថា គិលានុបដ្ឋាក គឺជាកំលាំងពលកម្មធំជាងគេនិងនៅជាប់ជាមួយអ្នកជំងឺ២៤ម៉ោង ហើយ ដែលមានចំនួន ៥៥%ភាគរយ នៅក្នុងប្រព័ន្ធសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ គិលានុបដ្ឋាកក៏ជាកំលាំងចលករ របស់ក្រសួងសុខាភិបាល ដែលជាអ្នកជំរុញឱ្យមានប្រសិទ្ធភាព ប្រសិទ្ធផល ក្នុងការផ្តល់ សេវាថែទាំប្រកបដោយគុណភាព និងលើកកំពស់សុខ ភាពអ្នកជំងឺ និងប្រជាពលរដ្ឋ។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានលើកឡើងថា នៅក្នុងពេលបច្ចុប្បន្ននេះ គិលានុបដ្ឋាក មានចំនួនច្រើនជាងវិជ្ជាជីវៈសុខាភិបាលដៃទទៀត នេះអាចបញ្ជាក់បានថា ជាផ្នែកមួយ និងជាកម្លាំងមួយ ដ៏ធំបំផុតក្នុងវិស័យសុខាភិបាល មិនអាចខ្វះបាន ដែលអាចឱ្យវិស័យសុខាភិបាលមានការអភិវឌ្ឍកាន់តែលឿនឆាប់រហ័ស ប្រសិនបើគិលានុបដ្ឋាកបានទទួលការបណ្ដុះបណ្តាលឱ្យកាន់តែខ្ពង់ខ្ពស់ទៅទៀតនោះ។ យ៉ាងណាមិញ គិលានុបដ្ឋាក ដែលកំពុងបំពេញតួនាទីនៅតាមគ្លីនិក អាចនឹងអភិវឌ្ឍខ្លួនទៅ ដល់ថា្នក់ឯកទេសណាមួយបាននោះ នាំឱ្យអ្នកជំងឺ ឬអតិថិជនដែលកំពុងទទួលសេវាពីគាត់កាន់តែទទួលបានសុខប្រសើរឡើងជាអតិបរមា។ ដោយឡែក គិលានុបដ្ឋាកដែលជាអ្នកស្រាវជ្រាវ ជាអ្នកគ្រប់គ្រងដឹកនាំក៏ជាកត្តាសំខាន់មួយដែរមិនអាចខ្វះបានផងដែរ។

លោកប្រធានមន្ទីរបន្តថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យកម្ពុជាទទួលសុខសន្តិភាព និងភាពល្បីល្បាញ លើឆាកអន្តរជាតិ ក្នុងនោះដែរ គិលានុបដ្ឋាក ក៏បានចូលរួមយ៉ាងសកម្មលើការថែទាំ សង្គ្រោះអ្នកជំងឺកូវីដ-១៩ជាដើម និងព្រឹត្តិការណ៍ថ្មីនេះ គឺកីឡាអាស៊ីអាគ្នេយ៍ ដែលបានបញ្ចូនគិលានុបដ្ឋាកយ៉ាងច្រើន ដើម្បីជួយដល់ជនរងគ្រោះ នៅក្នុងព្រឹត្តិការណ៍នេះ គិលានុបដ្ឋាក ត្រូវបានគេមើលឃើញថា កំពុងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងវិស័យសុខាភិបាល៕

Details

Date:
12/05/2023