អត្ថប្រយោជន៍នៃការចុះបញ្ជី និងការទទួលអាជ្ញាប័ណ្ណ
យោងតាមព្រះរាជក្រឹត្យស្តីពីការបង្កើតគណៈគិលានុបដ្ឋាកជាតិ ដែលបានប្រកាសឲ្យប្រើនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០០៧ បានចែងថាគិលានុបដ្ឋាកទាំងអស់ដែលប្រកបវិជ្ជាជីវៈ៖ ជំនួយវេជ្ជសាស្រ្ត ត្រូវចុះឈ្មោះជាមួយគណៈគិលានុបដ្ឋាកជាតិដើម្បីធានាបាននូវការផ្តល់សេវាផ្នែកសុខាភិបាលប្រកបដោយគុណភាពដល់គ្រប់អតិថិជនប្រកបដោយវិជ្ជាជីវៈខ្ពស់។ លើសពីនេះទៀត នៅពេលដែលគិលានុបដ្ឋាកទាំងអស់បានចុះឈ្មោះជាមួយគណៈគិលានុបដ្ឋាករួចរាល់ហើយ ក៍ដូចជាគិលានុបដ្ឋាកទាំងនោះបានពង្រីកនូវឳកាសរបស់ពួកគេឆ្ពោះទៅរកទីផ្សារតែមួយរបស់អាស៊ានតាមរយៈកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើសេវាថែទាំ។
ទីផ្សាតែមួយរបស់អាស៊ានផ្តល់នូវសក្តានុពលយ៉ាងខ្លាំងសម្រាប់ប្រទេសសមាជិកអាស៊ានដែលមានការអភិវឌ្ឍន៍តិចតួចដូចជា ប្រទេសកម្ពុជា ខណៈដែលពួកគេអាចធ្វើដំណើរចូលក្នុងទីផ្សាក្នុងតំបន់កាន់តែងាយស្រួល និងបានដឹងពីទំហំនៃសេដ្ឋកិច្ច។
នៅគ្រប់ប្រទេសទាំងដប់ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ការងារពង្រឹងវិជ្ជាជីវៈថែទាំកំពុងត្រូវបានអនុវត្តឡើង។ រដ្ឋាភិបាលប្រទេសនីមួយៗបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកក្នុងសេវាថែទាំ (MRA-NS)។ គោលបំណងដែលបានព្រមព្រៀងគ្នាដោយរដ្ឋាភិបាលប្រទេសនីមួយៗ រួមទាំងរាជរដ្ឋាភិបាលកម្ពុជាបានយល់ព្រមថា៖
- ធ្វើឱ្យប្រសើរឡើងលើស្តង់ដារ និងគុណវឌ្ឍន៍វិជ្ជាជីវៈក្នុងប្រទេសកម្ពុជាដើម្បីអាចផ្គូរផ្គងជាមួយបណ្តាប្រទេសសមាជិកអាស៊ានផ្សេងៗទៀតធ្វើឱ្យប្រសើរឡើងលើសេវាថែទាំប្រកបដោយវិជ្ជាជីវៈនៅក្នុងប្រទេសកម្ពុជា
- ផ្តល់ឱកាសបន្ថែមទៀតដើម្បីធ្វើការកសាងសមត្ថភាព និងការបណ្តុះបណ្តាលគិលានុបដ្ឋាកនៅក្នុងប្រទេសកម្ពុជា
- ធ្វើឱ្យមានលក្ខណៈងាយស្រួលសម្រាប់គិលានុបដ្ឋាកកម្ពុជាដែលមានបរិញ្ញាប័ត្រវិទ្យាសាស្រ្តថែទាំដើម្បីទៅធ្វើការនៅតាមបណ្តាប្រទេសសមាជិកអាស៊ានផ្សេងៗទៀត
ជំហានបន្ទាប់ក្នុងពេលអនាគត៖ ចុះឈ្មោះដើម្បីក្លាយជាគិលានុបដ្ឋាកដែលទទួលស្គាល់ដោយប្រទេសក្នុងអាស៊ាន នៅពេលដែលអ្នកចុះឈ្មោះជាមួយគណៈគិលានុបដ្ឋាកកម្ពុជា និងបន្តបង់វិភាគទានប្រចាំឆ្នាំនោះអ្នកនឹងមានសិទ្ធិស្របច្បាប់ក្នុងការអនុវត្តជាគិលានុបដ្ឋាកអាស៊ានក្នុងប្រទេសកម្ពុជា។ ក្នុងពេលឆាប់ៗខាងមុខនេះ អ្នកនឹងអាចបោះជំហានទៅមុខមួយជំហានទៀត និងអាចចុះឈ្មោះដោយផ្ទាល់ជាមួយអាស៊ាន (យន្តការចុះបញ្ជីបច្ចុប្បន្នកំពុងធ្វើការអភិវឌ្ឍន៍) ដើមី្បក្លាយខ្លួនជាគិលានុបដ្ឋាកដែលទទួលស្គាល់ដោយអាស៊ាន។ បន្ទាប់មកអ្នកនឹងមានសិទ្ធិចុះឈ្មោះជាគិលានុបដ្ឋាកនៅក្នុងប្រទេសជាសមាជិកអាស៊ានណាមួយ (ប្រទេសប្រុយណេដារួសាឡឹម ប្រទេសម៉ាឡេស៊ី ប្រទេសមីយ៉ាន់ម៉ា ប្រទេសហ្វីលីពីន ប្រទេសសឹង្ហបុរី ប្រទេសថៃ និងប្រទេសវៀតណាម)។ អត្ថប្រយោជន៍នៃការធ្វើសមាហរណកម្មអាស៊ានសម្រាប់អ្នកទាំងអស់គ្នារួមមាន ទទួលបានការងារជាគិលានុបដ្ឋាកច្រើនជាពិសេសមានឱកាសទទួលបានការងារពីក្នុងប្រទេសដែលជាសមាជិកអាស៊ាន។ វាក៍បានផ្តល់នូវបទពិសោធជីវិតមួយដែលកំពុងរស់នៅ និងប្រកបការងារក្រោមវប្បធម៌ផ្សេង។
សូមចូលទៅកាន់ទំព័រនៃការចុះបញ្ជីកាតាមអនឡាញ ដើម្បីធ្វើការចុះបញ្ជីកាឥឡូវនេះ!