ហេតុអ្វីក្លាយខ្លួនជាគិលានុបដ្ឋាក
នៅពេលដែលយើងកំពុងតែស្វែងរកអាជីពការងារមួយដែលសមរម្យ មនុស្សកាន់តែច្រើនឡើងៗនឹងស្វែងរកការងារមួយដែលសំខាន់យ៉ាងពិតប្រាកដ។ ការមានការងារតាមក្តីបំណងគឺមានន័យថាអ្នកមានការពេញចិត្តលើការលៈបង់ទាំងពេលវេលា កម្លាំងកាយ និងកម្លាំងប្រាជ្ញាលើហេតុផលមួយដ៍សក្តិសម។ មានន័យថាអ្នកមានមោទនភាពក្នុងការប្រាប់ក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នកពីអ្វីដែលអ្នកបានធ្វើ។ តើមានសមិទ្ធិផលអ្វីប្រសើរជាងការជួយអ្នកដ៍ទៃជារៀងរាល់ថ្ងៃតាមរយៈក្លាយខ្លួនជាគិលានុបដ្ឋាក/យិកាដ៍ស្វាហាប់ម្នាក់?
ប្រសិនបើអ្នកពុំទាន់បានធ្វើការសម្រេចចិត្ត ហើយអ្នកកំពុងធ្វើការពិចារណាដើម្បីក្លាយខ្លួនជាគិលានុបដ្ឋាក/យិកាស្របច្បាប់មួយរូប នោះអ្នកគួរតែពិចារណាលើហេតុផលចម្បងមួយចំនួន ថាតើហេតុអ្វីបានជាអ្នកជ្រើសរើសអាជីពមួយនេះ។
១. អ្នកនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ការថែទាំសុខភាពប្រកបដោយគុណភាពខ្ពស់
ទិដ្ឋភាពជាក់ស្តែងនៃប្រព័ន្ធសុខាភិបាលមួយនឹងត្រូវបានផ្តោតសំខាន់លើសមត្ថភាពរបស់បុគ្គលិកសុខាភិបាលផ្ទាល់តែម្តង។ ដោយសារតែគិលានុបដ្ឋាក/យិកាទាំងអស់បង្កើតបានជាអង្គភាពជំនាញវិជ្ជាជីវៈផ្នែកថែទាំដ៍ធំតែមួយគត់ក្នុងចំណោមអ្នកផ្តល់សេវាសុខភាព ការធានាលើបរិមាណ និងគុណភាពគឺជាគន្លឹះដើម្បីសម្រេចបាននូវលទ្ធផលជាវិជ្ជមានដ៍ធំមួយនៃសង្គមវេជ្ជសាស្រ្តទាំងមូល។ ការប្រកបការងារដោយឯករាជ្យ ឫជាផ្នែកមួយនៃក្រុមការងារពហុជំនាញវិជ្ជាជីវៈដ៍ធំជាងគេ គិលានុបដ្ឋាក/យិកាដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ និងផ្តល់សេវាសុខភាព។
វិជ្ជាជីវៈថែទាំគឺជាវិជ្ជាជីវៈមួយដែលមានតម្រូវការជាងគេបំផុតលើពិភពលោក ដោយសារតែគិលានុបដ្ឋាក/យិកាគ្រប់រូបត្រូវទទួលយកនូវតូនាទីជាច្រើនខុសៗគ្នាក្នុងពេលតែមួយ អាស្រ័យលើតម្រូវការជាក់ស្តែងរបស់អ្នកជម្ងឺម្នាក់ៗ។ ក្រៅពីការដើរតួជាអ្នកទំនាក់ទំនង គ្រូបង្រៀន និងអ្នកតស៊ូមតិរបស់អ្នកជម្ងឺ គិលានុបដ្ឋាក/យិកាគឺជាអ្នកផ្តល់ការថែទាំដំបូង និងសំខាន់បំផុត។ ក្នុងដំណើរការការព្យាបាល វាជាតួនាទីរបស់គិលានុបដ្ឋាក/យិកាដើម្បីតាមដានការវិវឌ្ឍរបស់អ្នកជម្ងឺ និងធ្វើការតាមដានស្ថានភាពដោយយកចិត្តទុកដាក់បំផុត។
ទោះជាយ៉ាងណាក៍ដោយ ការថែទាំដែលផ្តល់ឲ្យដោយគិលានុបដ្ឋាក/យិកាគឺលើសពីការគ្រប់គ្រងលើវេជ្ជបញ្ជា និងការរៀបចំតម្រូវការគិលានុបដ្ឋាក/យិកាទៅទៀត។ សេវាថែទាំប្រកបដោយគុណភាពខ្ពស់ គឺជាផ្នែកមួយនៃវិធីសាស្រ្តនៃការថែទាំសុខភាពដែលរួមបញ្ចូលទាំងតម្រូវការចិត្តសាស្រ្ត ការអភិវឌ្ឍ វប្បធ៌ម និងវិចារណញាណរបស់អ្នកជម្ងឺ។ ដោតទទួលបានជោគជ័យលើការអនុវត្តតួនាទីច្រើនផ្សេងៗគ្នានៅក្នុងប្រព័ន្ធសុខាភិបាលប្រកបដោយប្រសិទ្ធភាព គិលានុបដ្ឋាក/យិកាត្រូវបានចាត់ទុកជាបេះដូងនៃសុខាភិបាល។
២. អ្នកនឹងក្លាយជាមនុស្សដែលគេត្រូវការច្រើនក្នុងពេលអនាគត
យោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក (WHO) តំបន់អាស៊ីអាគ្នេយ៍គឺជាតំបន់មួយដែលមានដង់ស៊ីតេនៃអ្នកជំនាញផ្នែកថែទាំសុខភាពទាបជាងគេបំផុតនៅក្នុងពិភពលោក ជាមួយនឹងចំនួនវេជ្ជបណ្ឌិត គិលានុបដ្ឋាក/យិកា និងឆ្មបតិចជាងតំបន់ផ្សេងៗទៀតដូចជា អាស៊ីខាងត្បូង និងអនុតំបន់សាហារ៉ា ទ្វីបអាហ្រ្វិក។ ជាឧទាហរណ៍ ប្រទេសកម្ពុជា ជាប្រទេសមួយដែលនៅក្រោមខ្សែបន្ទាត់គោលលើអ្នកជំនាញសុខាភិបាលគឺ ២២,៨នាក់ ធៀបនឹងចំនួនប្រជាជន១០,០០០នាក់នៅក្នុងឆ្នាំ ២០១០ ដោយហេតុនេះហើយទើបប្រទេសកម្ពុជាពុំបានបំពេញតាមស្តង់ដារបទដ្ឋានមូលដ្ឋាននៃការថែទាំសុខភាពរបស់អង្គការសុខភាពពិភពលោកនោះទេ។
មានគិលានុបដ្ឋាក/យិកាចំនួនតែ ០,៩នាក់ប៉ុណ្ណោះធៀបលើចំនួនប្រជាជន ១,០០០នាក់ក្នុងឆ្នាំ ២០១១ ប្រទេសកម្ពុជាកំពុងរងនូវការខ្វះខាតគិលានុបដ្ឋាក/យិការបឋម និងជាពិសេសគិលានុបដ្ឋាក/យិកាបរិញ្ញា ដែលគិលានុបដ្ឋាក/យិកាទាំងពីរប្រភេទនេះមានចំនួនរហូតដល់ ៤២,៥% នៃចំនួនបុគ្គលិកសុខាភិបាលទាំងអស់។ ក្រៅពីនេះទៀត អតុល្យភាពនៃការពង្រាយចំនួនគិលានុបដ្ឋាក/យិកាតាមតំបន់ទីប្រជុំជន និងទីដាច់ស្រយាល ជាបញ្ហាប្រឈមមួយផ្សេងទៀតនៃធនធានមនុស្សរបស់ប្រទេសលើស្ថានភាពសុខាភិបាលបច្ចុប្បន្ន។
ក្នុងខណៈពេលនេះគិលានុបដ្ឋាក/យិកាដែលបានចូលបម្រើការងាររបស់ក្រសួងសុខាភិបាលកើនឡើងប្រមាណ ៤,៧% ក្នុងចន្លោះឆ្នាំ ២០១០ ដល់ ឆ្នាំ២០១៥ តាមការរំពឹងទុកក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀតនេះ តម្រូវការការងារផ្នែកគិលានុបដ្ឋាក/យិកានឹងកើនឡើងយ៉ាងខ្លាំង ដោយសារតែកំណើនផ្នែកសេដ្ឋកិច្ចនឹងជួយបង្កើននូវតម្រូវការការថែទាំសុខាភិបាលជាមួយគុណភាពកាន់តែប្រសើរជាលំដាប់។ ទាក់ទងនឹងបញ្ហាខាងលើនេះដែរសេវាសុខាភិបាលជាវិស័យអាទិភាពមួយនៃផែនការលម្អិតរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន (ASEAN Economic Community Blueprint) ការបង្កើនការចំណាយលើផ្នែកសុខាភិបាលនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដែលនឹងផ្តល់ការលើកទឹកចិត្តដល់ប្រជាជនជាច្រើនឲ្យចូលចិត្តការងារថែទាំ។
៣. អ្នកនឹងមានឳកាសគ្រប់គ្រាន់លើការចាប់យកអាជីពគិលានុបដ្ឋាក/យិក
ការថែទាំគឺជាវិជ្ជាជីវៈចម្រុះដែលបង្ហាញអ្នកទៅកាន់ប្រធានបទដែលកើតឡើងខុសៗគ្នាដូចជា បញ្ហាផ្ទាល់ខ្លួន គ្រួសារ និងផ្នែកសុខភាពសហគមន៍ អាហាររូបត្ថម្ភ និងឪសថ ឳសថវិទ្យា សុខភាពផ្លូវចិត្ត និងការលូតលាស់ និងការអភិវឌ្ឍន៍របស់មនុស្ស។ ការរៀនចប់កម្មវិធីថែទាំដោយជោគជ័យ អ្នកនឹងទទួលបាននូវចំណេះដឹងដ៍ទូលំទូលាយដែលអ្នកអាចយកទៅអនុវត្តនូវគ្រប់ទីកន្លែងទាំងអស់។
វិជ្ជាជីវៈមួយចំនួនផ្តល់ឲ្យអ្នកនូវជម្រើសនៃកន្លែងធ្វើការ ផ្នែកដែលត្រូវចាប់យកជាជំនាញ ឫសញ្ញាបត្រដែលត្រូវប្រើ។ មិនថាអ្នកជ្រើសរើសជាគិលានុបដ្ឋាក/យិកាទូទៅ គិលានុបដ្ឋាក/យិកាជំនាញ ឫគិលានុបដ្ឋាក/យិកាជំនាញព្យាបាលដែលមានជំនាញផ្នែកជម្ងឺបេះដូង ជម្ងឺកុមារ ឫសុខភាពផ្លូវចិត្ត ការងាររបស់អ្នកនឹងផ្តល់ឲ្យអ្នកនូវភាពបត់បែនដើម្បីឲ្យមានការរីកចម្រើន និងឳកាសដើម្បីរៀនសូត្រនូវជំនាញវិជ្ជាជីវៈថ្មីក្នុងខណៈពេលដែលអាចរក្សាបាននូវជីវិតក្រៅអាជីព។
លើសពីនេះទៀត ក្រៅពីតម្រូវការនៅតំបន់ទីប្រជុំជន និងទីជនបទនៃប្រទេសកម្ពុជា ជំនាញដែលអ្នកបានសិក្សានឹងត្រូវបានទទួលស្គាល់ជាសកល ដូច្នេះវាអនុញ្ញាតឲ្យអ្នកធ្វើការងារក្នុងបរិបទផ្សេងៗគ្នានូវគ្រប់តំបន់ទាំងអស់លើពិភពលោក។ រាប់ចាប់តាំងពីមន្ទីពេទ្យរដ្ឋ និងឯកជន ការថែទាំតាមគេហដ្ឋាន មជ្ឈមណ្ឌលសុខភាពសហគមន៍ និងបន្ទប់ពិគ្រោះជម្ងឺរបស់វេជ្ជបណ្ឌិត រហូតដល់សាលាបណ្តុះបណ្តាល អង្គភាពរដ្ឋបាល។ល។ ស្ទើរតែគ្រប់ទីកន្លែងទាំងអស់ដែលអ្នកបានឃើញ គឺមានតម្រូវការផ្នែកថែទាំ និងលើសពីនេះទៀតនោះការស្វែងរកការងារមួយដែលសាកសមមិនមែនជាការងាយស្រួលនោះទេ។
៤. គោលបំណងរបស់អ្នក សេចក្តីត្រូវការរបស់អ្នក វិជ្ជាជីវៈរបស់អ្នក
ការងារថែទាំគឺជាអាជីពមួយដែលទទួលការកោតសរសើរ អស្ចារ្យ និងប្រកួតប្រជែងយ៉ាងខ្លាំងដែលអនុញ្ញាតឲ្យអ្នកធ្វើនូវរឿងដែលខុសប្លែកត្រឹមត្រូវក្នុងខណៈពេលបំពេញការងារ។ ការងារជាគិលានុបដ្ឋាក/យិកានឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់សង្គមទាំងមូល។ មិនថាអ្នកផ្តល់វេជ្ជបញ្ជា ឫការថែទាំមនុស្សចាស់ ភារកិច្ចប្រចាំថ្ងៃរបស់អ្នកប្រាកដជានឹងផ្តល់ផលប៉ះពាល់លើជីវិតរបស់អ្នកជម្ងឺគ្រប់ៗរូប។ ប្រសិនបើអ្នកមានអារម្មណ៍ពេញចិត្តនឹងការជួយមនុស្ស និងមានកាតព្វកិច្ចមួយដើម្បីផ្តល់ជំនួយនូវគ្រប់ពេលវេលាដែលអាចជួយបាន ទើបធ្វើឲ្យយើងក្លាយជាបេក្ខជនល្អឥតខ្ចោះសម្រាប់កម្មវិធីការថែទាំ។