Select Page

ការ​រៀប​ចំការ​ទទួល​ស្គាល់​គ្នា​ទៅវិញទៅ​មក​លើ​សេវា​ថែទាំ (MRA-NS)

ទីផ្សា​តែ​មួយ​របស់​អាស៊ាន​ផ្តល់​នូវ​សក្តានុពល​យ៉ាង​ខ្លាំង​សម្រាប់​ប្រទេស​សមាជិក​អាស៊ាន​ដែល​មាន​ការ​អភិវឌ្ឍន៍​តិច​តួច​ដូចជា ប្រទេស​កម្ពុជា ខណៈ​ដែល​ពួក​គេ​អាច​ធ្វើ​ដំណើរ​ចូល​ក្នុង​ទីផ្សា​ក្នុង​តំបន់​កាន់​តែ​ងាយ​ស្រួល និង​បាន​ដឹង​ពី​ទំហំ​នៃ​សេដ្ឋកិច្ច។ បញ្ហា​នេះ​ក៍​ជា​បញ្ហា​ប្រឈម​ផង​ដែរ​ពី​ព្រោះ​វា​តម្រូវ​ឱ្យ​មាន​ការ​បង្កើន​ចំណេះ​ដឹង ជំនាញ និង​ការ​ច្នៃ​ប្រឌិត​នៃ​កម្លាំង​ពលកម្ម​របស់​ខ្លួន។

សម្រាប់​អាស៊ាន វិស័យ​ថែ​ទាំ​សុខភាព​ជា​អាទិភាព។ ប្រទេស​សមាជិក​អាស៊ាន​បាន​រំពឹង​ថា​នឹង​បង្កើន​ចំណាយ​លើ​សុខភាព​ដើម្បី​ផ្តល់​នូវ​សេវា​ថែទាំ​សុខភាព​ដែល​ប្រសើរ​ជាង​នេះ។ ទោះ​ជា​យ៉ាង​ណា​ក៍​ដោយ​កង្វះ​ខាត​អ្នក​ជំនាញ​ផ្នែក​ថែ​ទាំ​សុខភាព​ដែល​មាន​សមត្ថភាព និង​ការ​ខ្វះ​ខាតគិលានុបដ្ឋាក​គឺជា​ឧបសគ្គ​មួយ។ នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​គិលានុបដ្ឋាក​តិច​ជាង ០១ (មួយ) ឬឆ្មប ដើម្បី​មើល​ថែ​ប្រជាជន​ចំនួន ១,០០០នាក់ បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​អាល្លឺម៉ង់​គឺ​មាន ១១ (ដប់​មួយ) នាក់។

 

នៅ​គ្រប់​ប្រទេស​ទាំង​ដប់​ក្នុង​សមាគម​ប្រជា​ជាតិ​អាស៊ី​អាគ្នេយ៍ (អាស៊ាន) ការងារ​ពង្រឹង​វិជ្ជា​ជីវៈ​ថែ​ទាំ​កំពុង​ត្រូវ​បាន​អនុវត្ត​ឡើង។ រដ្ឋាភិបាល​ប្រទេស​នីមួយៗ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ទទួល​ស្គាល់​គ្នា​ទៅ​វិញទៅ​មក​ក្នុង​សេវា​ថែ​ទាំ (MRA-NS)។

គោល​បំណង​ដែល​បាន​ព្រម​ព្រៀង​គ្នា​ដោយ​រដ្ឋាភិបាល​ប្រទេសនី​មួយៗ រួម​ទាំង​រាជ​រដ្ឋាភិ​បាលកម្ពុជា​បាន​យល់​ព្រម​ថា៖

  • ធ្វើ​ឱ្យ​ប្រសើរ​ឡើង​លើ​ស្តង់​ដារ និង​គុណ​វឌ្ឍន៍​វិជ្ជាជីវៈ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​អាច​ផ្គូរ​ផ្គងជា​មួយ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ផ្សេងៗ​ទៀត
  • ធ្វើ​ឱ្យ​ប្រសើរ​ឡើង​លើ​សេវា​ថែ​ទាំ​ប្រកប​ដោយ​វិជ្ជា​ជីវៈនៅ​ក្នុង​ប្រទេស​កម្ពុជា
  • ផ្តល់​ឱកាស​បន្ថែម​ទៀត​ដើម្បី​ធ្វើការ​កសាង​សមត្ថភាព និង​ការ​បណ្តុះ​បណ្តាលគិលានុបដ្ឋាក​នៅ​ក្នុង​ប្រទេស​កម្ពុជា
  • ធ្វើ​ឱ្យ​មាន​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​គិលានុបដ្ឋាក​កម្ពុជា​ដែល​មាន​បរិញ្ញាប័ត្រ​វិទ្យាសាស្រ្ត​ថែ​ទាំ​ដើម្បី​ទៅ​ធ្វើ​ការ​នៅ​តាម​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ផ្សេងៗ​ទៀត

គោល​បំណង​នៃ​កិច្ច​ព្រម​ព្រៀង​ស្តី​ពី​ការ​ទទួល​ស្គាល់​ទៅវិញទៅមក​លើ​សេវា​ថែទាំ (MRA NS) នេះ​រួម​មាន៖

  • សម្របសម្រួល​ចល័ត​ភាព​របស់​អ្នក​ជំនាញ​ប្រកប​ដោយ​វិជ្ជាជីវៈ​លើ​ការ​ផ្តល់​សេវា​ថែទាំ​ក្នុង​អាស៊ាន
  • ផ្តោះប្តូរ​ព័ត៌មាន និង​ជំនាញ​ឯកទេស​លើ​ស្តង់ដា និង​គុណវឌ្ឍិ
  • ជម្រុញ​ឲ្យ​មាន​ការ​ទទួល​យក​ការ​អនុវត្ត​ល្អៗ​លើ​សេវា​ថែទាំ​ប្រកប​ដោយ​វិជ្ជាជីវៈ និង
  • ផ្តល់​ឪកាស​ឲ្យ​មាន​ការ​កសាង​សមត្ថភាព និង​ការ​បណ្តុះបណ្តាល​ដល់​គិលានុបដ្ឋាក/យិកា