
- This event has passed.
ពេលខ្លះយើងប្រើស្រោមដៃ ប៉ុន្តែត្រូវធ្វើអនាម័យដៃគ្រប់ពេល
May 5
Event Navigation

ចូលរួមអបអរសាទរ ទិវាអនាម័យដៃពិភពលោក ថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ “ពេលខ្លះយើងប្រើស្រោមដៃ ប៉ុន្តែត្រូវធ្វើអនាម័យដៃគ្រប់ពេល” ដែលយេីងគ្រប់គ្នាតែងតែអនុវត្តជាប់ជានិច្ចគឺថា ការលាងដៃ គឺសង្គ្រោះជីវិត។
រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ លោក ជាសុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិអាណត្តិទី៣ បានអញ្ជើញចូលរួមក្នុងទិវាអនាម័យដៃពិភពលោក ក្រោមប្រធានបទ “ពេលខ្លះយើងប្រើស្រោមដៃ ប៉ុន្តែត្រូវធ្វើអនាម័យដៃគ្រប់ពេល” ក្រោមអធិបតីភាព លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមានសភាពចូលរួមសរុបចំនួន ១៨៩ នាក់ ដែលអញ្ជើញមកពីគណៈវិជ្ជាជីវៈសុខាភិបាលទាំង៥ រួមមាន៖ គណៈគ្រូពេទ្យ គណៈទន្តពេទ្យ គណៈឱសថការី គណៈគិលានុបដ្ឋាក និងគណៈឆ្មប ព្រមទាំងអង្គការដៃគូផងដែរ និងបានប្រារពធ្វេីឡេីងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ នឹងបានរៀបចំដោយ នាយកដ្ឋានមន្ទីរពេទ្យ នៃក្រសួងសុខាភិបាល។
សម្រាប់ការប្រារពធ្វេីទិវាអនាម័យដៃពិភពលោកនេះដែរគឺ មានគោលបំណងសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១) ជួយសហការគ្នា ដេីម្បីលើកកម្ពស់ការអនុវត្តអនាម័យដៃឱ្យល្អប្រសើរ(ដោយប្រើបច្ចេកទេសសមស្រប និងយោងតាម WHO 5 Moments) និងពេលវេលាសម្រាប់ការប្រើប្រាស់ស្រោមដៃសមស្របនៅក្នុងដំណើរការការងារថែទាំសុខភាពរបស់បុគ្គលិកសុខាភិបាល
២) ជួយជំរុញនិងលើកកម្ពស់ការដាក់បញ្ចូលអនាម័យដៃនៅក្នុងយុទ្ធសាស្ត្រជាតិរបស់ IPC ក៏ដូចជានីតិវិធីប្រតិបត្តិស្តង់ដា (SOPs) នៅក្នុងមូលដ្ឋានសុខាភិបាល ដោយអនុវត្តតាមអនុសាសន៍នៃផែនការសកម្មភាពសកល និងក្របខណ្ឌត្រួតពិនិត្យ ២០២៤-២០៣០ របស់អង្គការសុខភាពពិភពលោកដែលបានកំណត់រួច
៣) ស្វ័យភាពដោយលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់ស្រោមដៃមិនចាំបាច់ដែលប៉ះពាល់ដល់បរិស្ថាន ជាពិសេសការបោះចោលសំណល់ស្រោមដៃ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកជំទាវរដ្ឋលេខាធិការ បានផ្តល់ជាអនុសាសន៍ ដោយជំរុញឱ្យមូលដ្ឋានសុខាភិបាលទាំងអស់ សូមបន្តសកម្មភាពរបស់ខ្លួនដូចតទៅ៖
១) ត្រូវបន្តការអប់រំ និងបណ្តុះបណ្តាលបុគ្គលិកទាំងអស់អោយអនុវត្តអនាម័យដៃឱ្យបានត្រឹមត្រូវ
២) ត្រូវតែផ្ដល់សំភារៈបរិក្ខារប្រកបដោយគុណភាព ដូចជា ទឹកសាប៊ូ និងជែលអាល់កុលឱ្យបានគ្រប់គ្រាន់
៣) ត្រូវរៀបចំផែនការសកម្មភាពឱ្យមានថវិកាគ្រប់គ្រាន់សម្រាប់មន្ទីរពេទ្យនីមួយៗមានសម្ភារអនាម័យដៃគ្រប់គ្រាន់
៤) ត្រូវជួយជំរុញនិងផ្តល់ព័ត៌មានត្រឡប់ជាលក្ខណៈបុគ្គលចំពោះនរណាមិនបានធ្វើអនាម័យដៃ
៥) ត្រូវបន្តការជំរុញនិងតាមដានបន្ត ដោយវាយតម្លៃការធ្វើអនាម័យដៃឱ្យតឹងរ៉ឹងនិងច្បាស់លាស់
៦) ត្រូវជំរុញនិងអនុវត្តភាពជាអ្នកដឹកនាំ ថ្នាក់ដឹកនាំ ប្រធានផ្នែកគ្លីនិកធ្វើជាគំរូល្អដល់បុគ្គលិកក្រោមឱវាទរបស់ខ្លួនម។
នៅចុងបញ្ចប់នៃសន្ទរៈកថា លោកជំទាវរដ្ឋលេខាធិការ បានកោតសរសេីរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអង្គការសុខភាពពិភពលោក និងដៃគូរអភិវឌ្ឍន៍នានា ព្រមទាំងបុគ្គលិកសុខាភិបាលទាំងអស់គ្នា ដែលបានខិតខំប្រឹងប្រែងរក្សាថែទាំសុខភាពជូនបងប្អូនប្រជាពលរដ្ឋរបស់យេីង ដោយរស់នៅក្នុងបរិស្ថានស្អាត មានសុខភាពល្អ និងមានសុវត្ថិភាពដោយភាពជឿជាក់។
#CCN#MOH