
- This event has passed.
កិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ ២០២៥ នឹងជាការជួបជុំលេីកទី២ អំពីវឌ្ឍនភាពការងារ និងផែនការប្រតិបត្តិសម្រាប់គណៈគិលានុបដ្ឋាកឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិអាណត្តិទី៣
July 1
Event Navigation

កិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ ២០២៥ នឹងជាការជួបជុំលេីកទី២ អំពីវឌ្ឍនភាពការងារ និងផែនការប្រតិបត្តិសម្រាប់គណៈគិលានុបដ្ឋាកឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិអាណត្តិទី៣
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃ អង្គារ ៦កេីត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០១ ខែ កក្កដា ឆ្នាំ២០២៥ ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិអាណត្តិទី៣ បានរៀបចំកិច្ចប្រជុំប្រចាំឆមាសទី ១ ឆ្នាំ ២០២៥ តាមរយៈប្រព័ន្ធនិម្មិត(Zoom) ដែលនេះជាការជួបជុំលេីកទី២ ផងដែរ ដើម្បីបង្ហាញអំពីវឌ្ឍនភាពការងារនិងផែនការប្រតិបត្តិសម្រាប់គណៈគិលានុបដ្ឋាក ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់លោកជំទាវសាស្រ្តាចារ្យ អ៉ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។
កិច្ចប្រជុំនេះរៀចំឡើងមានគោលបំណងដូចខាងក្រោម៖
១. បង្ហាញពីវឌ្ឍនភាពការងារ របស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិអាណត្តិទី៣ រយះពេល ០៦ ខែ ដេីមឆ្នាំ២០២៥
២. បន្តផែនការប្រតិបត្តិសម្រាប់គណៈគិលានុបដ្ឋាក ឆមាសទី២ សម្រាប់ឆ្នាំ២០២៥
៣. ស្វែងរកធាតុចូលផ្សេងៗទៀតនៅក្នុងផែនការយុទ្ធសាស្ត្របន្ត ឆ្នាំ២០២៦ ដល់ឆ្នាំ ២០៣០ ពីគណៈរាជធានី ខេត្ត និងភូមិភាគ មន្ទីរពេទ្យជាតិ នៅទូទាំងប្រទេស។
ក្នុងឱកាសនេះដែរ លោកជំទាវសាស្រ្តាចារ្យ បានផ្តល់អនុសាសន៍មួយចំនួនក្នុងការកែលម្អ និងពង្រឹងការធ្វើផែនការប្រតិបត្តិឆ្នាំ២០២៥ ក៏ដូចជាការលេីកទឹកចិត្តស្វែងរកធាតុចូលសម្រាប់ផែនការយុទ្ធសាស្ត្របន្តឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០ ដែលមានដូចជា៖
១. បន្តធ្វើបច្ចុប្បន្នភាពគិលានុបដ្ឋាទាំងឡាយ ដែលកំពុងផ្ដល់សេវាថែទាំវេជ្ជសាស្ត្រ(រដ្ឋ ឯកជន និងអង្គការនានា) នៅកម្ពុជា ដោយជំរុញអោយមានការចុះបញ្ជិកាជាមួយគណៈគិលានុបដ្ឋាកអោយបាន ១០០% និងធានាថាអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈគិលានុបដ្ឋាកទាំងអស់មានសុពលភាព និងចាប់ផ្តើមផ្តល់ពិន្ទុ CPD ឱ្យសមាជិករបស់ខ្លួនក្នុងការបណ្តុះ បណ្តាលអភិវឌ្ឍវិជ្ជាជីវៈបន្តដោយខិតខំពង្រឹងជំនាញ និងចំណេះដឹងថែទាំរបស់ខ្លួនជាប្រចាំ។
២. ចូលរួមសាមគ្គី សហការគ្នាអោយបានល្អ ដោយគោរពឱ្យបានខ្ជាប់ខ្ជួន និងអនុវត្តឲ្យបាន ពេញលេញប្រកបដោយការទទួលខុសត្រូវខ្ពស់នូវច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំ ដែលចូលជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។
៣. ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈដែលមានចែងក្នុងអនុក្រឹត្យនៃក្រមសីលធម៌គិលានុបដ្ឋាក ដើម្បីសុវត្ថិភាពរបស់អ្នកជំងឺនិងផលប្រយោជន៍របស់សាធារណៈជនក៏ដូចជាដើម្បីការពារកិត្តិយស គុណតម្លៃ និងកិត្យានុភាពរបស់គិលានុបដ្ឋាកដោយផ្អែកលើសម័យឌីជីថល។
៤. សហការជាមួយប្រធានមន្ទីរសុខាភិបាល គ្រប់រាជធានី ខេត្ត ដើម្បីសុំការគាំទ្របន្តទៀត ក្នុងការស្វែងរក ដំណោះស្រាយដែលជាប្រយោជន៍ដល់អ្នកជំងឺ ដល់មន្ទីរពេទ្យ និងដល់មន្ត្រីសុខាភិបាលគ្រប់ពេលមានតម្រូវការពីពួកគាត់។
៥. ប្រធានសាខានីមួយៗ ត្រូវរៀបចំតួនាទីភារកិច្ចរបស់ខ្លួន និងសមាជិក ដើម្បីធ្វើការសម្រាប់គណៈគិលានុបដ្ឋាកកម្ពុជា នៅក្នុងដែនសមត្ថកិច្ចដែលខ្លួនគ្រប់គ្រងឱ្យបានល្អប្រសើរបន្ថែមទៀត ក្នុងការជៀសវាងនូវបញ្ហាទាំងឡាយដែលបានកើតមានឡើង ដូចដែលលោកប្រធានគណៈបានលើកក្នុងអង្គប្រជុំនៃក្រុមប្រឹក្សាវិន័យកន្លងមក។
គួរបញ្ជាក់ផងដែរថា អង្គប្រជុំខាងលើ មានការអញ្ជើញចូលរួមពីប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាករាជធានី ខេត្ត ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យជាតិទាំង១២ និងគណៈគិលានុបដ្ឋាកភូមិភាគចំនួន៥ សរុប ៨១ នាក់។