
- This event has passed.
ឆ្មបដើរតួនាទីសំខាន់ណាស់ ក្នុងការពិគ្រោះផ្តល់យោបល់ ផ្តល់សេវាថែទាំជូនដល់ស្រ្តីមានផ្ទៃពោះ រួមទាំងទារក ទាំងមុនសម្រាល កំពុងសម្រាល និងក្រោយសម្រាល
April 29
Event Navigation

សូមគោរពគាំទ្រ ប្រសាសន៍ដ៏ថ្លៃថ្លារបស់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីដែលបានថ្លែងក្នុងពិធីអបអរសាទរទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ឆ្នាំ២០២៥ គឺថា «ឆ្មបដើរតួនាទីសំខាន់ណាស់ ក្នុងការពិគ្រោះផ្តល់យោបល់ ផ្តល់សេវាថែទាំជូនដល់ស្រ្តីមានផ្ទៃពោះ រួមទាំងទារក ទាំងមុនសម្រាល កំពុងសម្រាល និងក្រោយសម្រាល»
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិអាណត្តិទី៣ បានអញ្ជេីញចូលរួមក្នុងពិធីអបអរសាទរនៃ ទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ “ឆ្មបបំពេញតួនាទីសំខាន់គ្រប់ស្ថានភាព គ្រប់ពេលមានគ្រោះអាសន្ន គ្រោះមហន្តរាយ” ដោយមានការប្រកាសបេីកពិធីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដមសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល ដែលបានប្រព្រឹត្តិនៅសណ្ឋាគារសុខាភ្នំពេញ។
សម្រាប់គោលបំណងនៃពិធីខាងលេី គឺដើម្បីលើកកម្ពស់តួនាទីនឹងភារកិច្ចរបស់ឆ្មប ក្នុងការពារថែទាំ សុខភាពមាតានិង ទារក។ ជាពិសេសទិវានេះនឹងជួយលើកកម្ពស់គុណភាពសេវា ដែលចូលរួមកាត់បន្ថយអត្រាឈឺ និងស្លាប់របស់មាតា និងទារក តាមរយៈការពង្រឹងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ។ ក៏ដូចគ្នានេះដែរ ការរៀបចំទិវាខាងលេី ក៏ជាឱកាសមួយក្នុងការពង្រឹង និងពង្រីកចំណេះដឹង ចែករំលែកចំណេះដឹង បទពិសោធន៍ ដើម្បីបន្ថែមសមត្ថភាពនិងលើកកម្ពស់តួនាទីភារកិច្ចរបស់ឆ្មប ក្នុងការឆ្លើយតបទៅនឹងតម្រូវការសុខភាព ដែលមានលក្ខណៈទូលំទូលាយ គ្រប់វិស័យ គ្រប់កាលៈទេសៈ ទាំងពេលមានគ្រោះមហន្តរាយ និងគ្រោះអាសន្នផងដែរ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ជាអនុសាសន៍គន្លឹះមួយចំនួន ជូនដល់អង្គពិធី ក៏ដូចជាឆ្មបទូទាំងប្រទេស ដូចខាងក្រោម៖
១) ឆ្មប បានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការជួយសង្រ្គោះ និងថែទាំសុខភាពមាតា និងទារក
២) សូមបន្តជំរុញ និងផ្តល់ការចុះបញ្ជិកា អនុញ្ញាតប្រកបវិជ្ជាជីវៈឆ្មបឱ្យកាន់តែប្រសើឡើង និងឱ្យបានច្រើនជាបន្តបន្ទាប់ និងអោយបានគ្រប់គ្នា
៣) ត្រូវតែមានការសាមគ្គីភាពគ្នារវាង ឆ្មប គិលានុបដ្ឋាក វេជ្ជបណ្ឌិតគ្រប់កម្រិត និងកាន់តែស្អិតរមួត ដើម្បីដោះស្រាយរាល់បញ្ហាសុខភាពអ្នកជំងឺ ជាពិសេសចំពោះមាតា ទារក និងកុមារឱ្យកាន់តែល្អប្រសើឡើងជាលំដាប់
៤) សូមបន្តការពិនិត្យមើលការចុះបញ្ជិកាប្រកបវិជ្ជាជីវៈឆ្មប និងវិជ្ជាជីវៈសុខាភិបាលផ្សេងៗទៀត ឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃការប្រកបវិជ្ជាជីវៈសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាព។ លេីសពីនេះទៅទៀតឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបន្ថែមថា ត្រូវមានការយកចិត្តទុកដាក់លើចំណុចមួយចំនួនទៀតដែលមានដូចជា ត្រូវបន្តអភិវឌ្ឍន៍ខ្លួន និងសិក្សាស្រាវជ្រាវរកមូលហេតុជាបញ្ហា ដែលបានជួបជាញឹកញ៉ាប់- ឆ្មបត្រូវតែដើរតួនាទីក្នុងការពិគ្រោះផ្តល់យោបល់ជូនដល់ស្រ្តីមានផ្ទៃពោះ ទាំងមុន និងក្រោយសម្រាល- ត្រូវផ្តល់ការប្រឹក្សាយោបល់ និងគិតគូរអំពីចិត្តសាស្រ្ត ជូនដល់អ្នកដែលអាចនឹងមានផ្ទៃពោះ រឺអ្នកដែលត្រៀមមានផ្ទៃពោះផងដែរ- ត្រូវពង្រឹងក្នុងការពិនិត្យមើលការលក់ឱសថនៅតាមឱសថស្ថាន ការប្រេីថ្នាំផ្សាស់មិនត្រឹមត្រូវ និងដើម្បីជៀសវាងការលក់ឱសថជូនអ្នកជំងឺដោយគ្មានវេជ្ជបញ្ជា រឺខុសពីវេជ្ជបញ្ជា របស់វេជ្ជបណ្ឌិត – ឆ្មបត្រូវតែយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមណែនាំ និងពិនិត្យស្វែងរកសញ្ញានៃជំងឺមហារីកមាត់ស្បូន និងមហារីកសុដន់ នៅតាមមណ្ឌលសុខភាពបន្ថែមទៀត – ឆ្មបត្រូវផ្តល់ការណែនាំអំពីសុខភាពបន្តពូជ ជូនដល់ប្រជាពលរដ្ឋយល់ដឹងពីសារៈសំខាន់និងការពារផងដែរ។
ជាចុងបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងអំពីប្រសិទ្ធិភាពរបស់អ្នកដឹកនាំ ដែលត្រូវមានទស្សនវិស័យច្បាស់លាស់ និងបញ្ចេញសកម្មភាពឱ្យកាន់តែរស់រវើក ដើម្បីជាស្នូលនាំមកនូវភាពជោគជ័យ និងសម្រេចគោលដៅ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបន្តថាដើម្បីឱ្យស្ថានភាពការងារមានការវិវឌ្ឍន៍ទៅមុខបានល្អ អ្នកដឹកនាំគ្រប់កម្រិតរបស់ឆ្មបត្រូវអនុវត្តនៃចំនុចមួយចំនួនដូចខាងក្រោមនេះ៖
១) បណ្តុះបណ្តាលមធ្យោបាយនៃការទំនាក់ទំនង និងឱ្យមានភាពរស់រវើក
២) ត្រូវស្វែងរកនូវឯកសារ រឺអត្ថបទត្រូវធ្វើការផ្សព្វផ្សាយ ដែលទាក់ទងនឹងសកម្មភាពឆ្មប
៣) ព្យាយាមរៀបចំទស្សនាវដ្តី រឺព្រឹត្តិបត្រព័ត៌មាន
៤) ត្រូវចូលរួមក្នុងវេទិកាទាំងឡាយ ពិសេសវេទិកាអន្តរជាតិ ដើម្បីពិនិត្យមើលសកម្មភាព និងកិច្ចការងារមានភាពជឿនលឿនរបស់អន្តរជាតិ យកមកសិក្សា និងអនុវត្តន៍តាម។ ជាមួយការថ្លែងអំណរគុណ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម និងជាឥស្សរជនឆ្នើមថ្នាក់ជាតិអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពមាតា ទារក និងកុមារ និងថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អង្គការដៃគូជាតិ អន្តរជាតិ ដែលតែងតែជួយគាំទ្រ ក្នុងការលើកកម្ពស់វិស័យសុខាភិបាល នៅកម្ពុជា។
នៅចុងកម្មវិធីបេីកនេះផងដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានបំពាក់គ្រឿងឥស្សរិយយសមេដាយ ដល់ថ្នាកដឹកនាំ មន្រ្តីរាជការ ចំនួន ៨៤នាក់ នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដើម្បីជាការលើកទឹកចិត្តដែលមានស្នាដៃក្នុងការបំពេញការងារកន្លងមក និងបន្តខិតខំបន្ថែមទៀត ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព គុណភាព និងសមធម៌។
#CCN#MOH