Select Page

Loading Events

« All Events

  • This event has passed.

ការវិនិយោគរួមគ្នាលើសុខភាពមាតា ទារក កុមារ និងយុវវ័យ ឱ្យទទួលបានសុខភាពល្អ ក្លាយជាកម្លាំងរឹងមាំ ធនធានសម្រាប់ប្រទេសជាតិ នាំឱ្យមានភាពរីកចម្រើន

February 21

ប្រសាសន៍ដ៏ថ្លៃថ្លា​ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី «ការវិនិយោគរួមគ្នាលើសុខភាពមាតា ទារក កុមារ និងយុវវ័យ ឱ្យទទួលបានសុខភាពល្អ ក្លាយជាកម្លាំងរឹងមាំ ធនធានសម្រាប់ប្រទេសជាតិ នាំឱ្យមានភាពរីកចម្រើន»​ នៅក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារ និងទិវាសុខភាពពិភពលោក​ នៅសណ្ឋាគារហៃយ៉ាត់​ ។

រាជធានីភ្នំពេញ៖​ នាព្រឹកថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ ដោយមានការអនុញ្ញាតពីលោក ជា សុភក្រ្តមុនីរត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា អាណត្តិទី៣ លោក កប នឿន អនុប្រធានបានចូលរួមក្នុងពិធីទិវាជាតិសុខភាពមាតា ទារក និង កុមារ និង ទិវាសុខភាពពិភពលោក ក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូរវាងសេវាសាធារណៈ និង ឯកជនដើម្បីលើកកម្ពស់គុណភាព នៃការថែទាំសុខភាពមាតា ទារក កុមារ និង យុវវ័យ» ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខភិបាល ព្រមទាំងអគ្គលេខាធិការរងកាកបាទក្រហមកម្ពុជា និង ដៃគូរអភិវឌ្ឍន៍។
​ ក្នុងឱកាសដ៏វិសេសវិសាលនេះ​ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រីបានផ្តល់អនុ​សាសន៍មួយចំនួនរួមមានដូចខាងក្រោម៖
1. គ្រប់ស្រ្តីមានផ្ទៃពោះទាំងអស់យ៉ាងតិច ៩០% បានទទួលការពិនិត្យថែទាំសុខភាពយ៉ាងតិច៤ដង
2. ការសំរាលយ៉ាងតិច ៩០% ត្រូវធ្វើឡើងនៅក្នុងក្របខណ្ឌមូលដ្ឋានសុខាភិបាល និងតាមរយៈបុគ្គលិកសុខាភិបាល
3. គ្រប់មាតា និងទារកទាំងអស់យ៉ាងតិច ៨០% ទទួលបានការថែទាំជាសារវន្តភ្លាមៗ ក្នុងពេល និង ក្រោយសំរាល
4. គ្រប់ស្រ្តីមានផ្ទៃពោះទាំងអស់ យ៉ាងតិច៨០% ទទួលបានសេវាសង្រ្គោះបន្ទាន់ផ្នែកសម្ភព និង ទារកទើបកើត​។

ជាពិសេស​ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់ខ្ពស់ គ្រប់ការសម្រាលកូនទាំងអស់ត្រូវ តែធ្វើនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យសាធារណៈ ឬ ឯកជន និងត្រូវធ្វើឡើងដោយពេទ្យជំនាញឆ្មប និងវេជ្ជបណ្ឌិត ដើម្បីធានាបាននូវការសម្រាលកូនមានសុវត្ថិភាព។ ទារកទើបនឹងកើត ត្រូវទទួលបានភ្លាមៗ នូវការថែទាំ និងការសង្គ្រោះបន្ទាន់ (ក្នុងករណីចាំបាច់) ការតាមដានសុខភាព និងការបំបៅដោះម្តាយ ដូចនេះហើយសេវាថែទាំ និងសង្គ្រោះទារកទើបកើត ចាំបាច់ត្រូវតែមាននៅគ្រប់កន្លែងសម្ភព សម្រាលកូន។ ក្នុងករណី ដែលមានផលវិបាកណាមួយកើតឡើង សេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងថែទាំទារកទើបកើត ត្រូវតែអនុវត្តជាបន្ទាន់ នៅនឹងកន្លែង ឬត្រូវធ្វើការបញ្ជូនទាន់ ពេលវេលា ទៅមន្ទីរពេទ្យ ដែលមានការផ្តល់សេវាកម្រិតខ្ពស់ជាង ប្រកបដោយការទទួលខុសត្រូវលើការបញ្ជូនជំងឺ និងប្រឹងប្រែងអស់សមត្ថភាព។

ជាសារៈសំខាន់​ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា​ ភាពជាដៃគូរវាងសេវាសាធារណៈ និងឯកជនមានគុណភាព ត្រូវចូលរួមសហការទាំងអស់គ្នា និងការជួយគាំទ្រគ្នាទៅវិញទៅមក ទាំងជំនាញបច្ចេកទេស ទាំងធនធាន ទាំងស្មារតី នឹងនាំទៅដល់ភាពជាដៃគូដ៏ជិតស្និទ និងមានប្រសិទ្ធភាពរវាងសេវាសាធារណៈ និងឯកជន រួមទាំងផ្នែកពាក់ព័ន្ធ។ ការជួយគ្នានេះនឹងធានាឱ្យប្រជាពលរដ្ឋ ពិសេសមាតា ទារក កុមារ យុវវ័យ និងអ្នកជំងឺទាំងអស់ ទទួលបាននូវសេវាមានគុណភាពដូចគ្នា គ្រប់ទីកន្លែង។

​ ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមលើកទឹកចិត្ត ឱ្យមានកិច្ចសហប្រតិបត្តិការ ជាមួយអង្គភាពពាក់ព័ន្ធដែលមានសមត្ថភាព ដៃគូអន្តរជាតិ និងសមាគមវិជ្ជាជីវៈ ក្នុងការបណ្តុះបណ្តាលឆ្មប គ្រូពេទ្យ វេជ្ជបណ្ឌិត លើជំនាញ សង្គ្រោះបន្ទាន់ផ្នែកសម្ភព ជំនាញសង្គ្រោះទារកទើបកើត ជំនាញសុខភាពកុមារ និងសុខភាពយុវវ័យ ដើម្បីពង្រឹង បង្កើនសមត្ថភាពជំនាញបច្ចេកទេសថែទាំ ព្យាបាលប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព ឱ្យទទួលបានលទ្ធផលធំច្រើន ជាងមុន ជាមួយនឹងការចំណាយទាប។🙏

#CCN#MOH

Details

Date:
February 21