ផែនការនៃការអនុវត្ត ASEAN MRA-NS នៅក្នុងប្រទេសកម្ពុជា
MRA-NS៖ មាគ៌ាដើម្បីក្លាយទៅជាគិលានុបដ្ឋាកដែលទទួលស្គាល់ដោយសមាជិកអាស៊ាន
ទីផ្សាតែមួយរបស់អាស៊ានផ្តល់នូវសក្តានុពលយ៉ាងខ្លាំងសម្រាប់ប្រទេសសមាជិកអាស៊ានដែលមានការអភិវឌ្ឍន៍តិចតួចដូចជា ប្រទេសកម្ពុជា ខណៈដែលពួកគេអាចធ្វើដំណើរចូលក្នុងទីផ្សាក្នុងតំបន់កាន់តែងាយស្រួល និងបានដឹងពីទំហំនៃសេដ្ឋកិច្ច។ បញ្ហានេះក៍ជាបញ្ហាប្រឈមផងដែរពីព្រោះវាតម្រូវឱ្យមានការបង្កើនចំណេះដឹង ជំនាញ និងការច្នៃប្រឌិតនៃកម្លាំងពលកម្មរបស់ខ្លួន។
សម្រាប់អាស៊ាន វិស័យថែទាំសុខភាពជាអាទិភាព។ ប្រទេសសមាជិកអាស៊ានបានរំពឹងថានឹងបង្កើនចំណាយលើសុខភាពដើម្បីផ្តល់នូវសេវាថែទាំសុខភាពដែលប្រសើរជាងនេះ។ ទោះជាយ៉ាងណាក៍ដោយកង្វះខាតអ្នកជំនាញផ្នែកថែទាំសុខភាពដែលមានសមត្ថភាព និងការខ្វះខាតគិលានុបដ្ឋាកគឺជាឧបសគ្គមួយ។ នៅក្នុងប្រទេសកម្ពុជា មានគិលានុបដ្ឋាកតិចជាង ០១ (មួយ) ឬឆ្មប ដើម្បីមើលថែប្រជាជនចំនួន ១,០០០នាក់ បើប្រៀបធៀបទៅនឹងប្រទេសអាល្លឺម៉ង់គឺមាន ១១ (ដប់មួយ) នាក់។
នៅគ្រប់ប្រទេសទាំងដប់ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ការងារពង្រឹងវិជ្ជាជីវៈថែទាំកំពុងត្រូវបានអនុវត្តឡើង។ រដ្ឋាភិបាលប្រទេសនីមួយៗបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកក្នុងសេវាថែទាំ (MRA-NS)។
គោលបំណងដែលបានព្រមព្រៀងគ្នាដោយរដ្ឋាភិបាលប្រទេសនីមួយៗ រួមទាំងរាជរដ្ឋាភិបាលកម្ពុជាបានយល់ព្រមថា៖
- ធ្វើឱ្យប្រសើរឡើងលើស្តង់ដារ និងគុណវឌ្ឍន៍វិជ្ជាជីវៈក្នុងប្រទេសកម្ពុជាដើម្បីអាចផ្គូរផ្គងជាមួយបណ្តាប្រទេសសមាជិកអាស៊ានផ្សេងៗទៀត
- ធ្វើឱ្យប្រសើរឡើងលើសេវាថែទាំប្រកបដោយវិជ្ជាជីវៈនៅក្នុងប្រទេសកម្ពុជា
- ផ្តល់ឱកាសបន្ថែមទៀតដើម្បីធ្វើការកសាងសមត្ថភាព និងការបណ្តុះបណ្តាលគិលានុបដ្ឋាកនៅក្នុងប្រទេសកម្ពុជា
- ធ្វើឱ្យមានលក្ខណៈងាយស្រួលសម្រាប់គិលានុបដ្ឋាកកម្ពុជាដែលមានបរិញ្ញាប័ត្រវិទ្យាសាស្រ្តថែទាំដើម្បីទៅធ្វើការនៅតាមបណ្តាប្រទេសសមាជិកអាស៊ានផ្សេងៗទៀត
នៅតាមបណ្តាប្រទេសនីមួយៗ ស្ថានប័នក្នុងវិស័យសុខាភិបាលដែលទទួលខុសត្រូវលើការអនុវត្តការងារលើគោលបំណងទាំងនេះនៅក្នុងប្រទេសកម្ពុជាគឺ គណៈគិលានុបដ្ឋាកកម្ពុជា។ គណៈគិលានុបដ្ឋាកកម្ពុជា គឺជាអ្នកតំណាងឱ្យប្រទេសកម្ពុជានៅក្នុងកម្រិតអាស៊ាន ក្នុងគណៈកម្មាធិកាសម្របសម្រួលរួមរបស់អាស៊ានស្តីពីការថែទាំ ដែលហៅកាត់ថា (AJCCN) ដែលជាគណៈកម្មាធិកានៅក្រោមក្រុមការងារផ្នែកសេវាកម្មរបស់អាស៊ាន ហៅកាត់ថា (HSSWG) ដែលធ្វើការពិភាក្សាលើបញ្ហាដែលជាប់ទាក់ទងនឹងការសម្របសម្រួលនៃកិច្ចសហប្រតិបត្តិការលើ MRA-NS។
គណៈគិលានុបដ្ឋាកកម្ពុជា (CCN) ជាតួអង្គដ៍សំខាន់លើការអនុវត្តអាស៊ាន MRA-NS
គណៈគិលានុបដ្ឋាកកម្ពុជា គឺជាអាជ្ញាធរដែលទទួលស្គាល់ស្របច្បាប់លើសេវាថែទាំសម្រាប់ប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងក្រោមច្បាប់នៃព្រៈរាជាណាចក្រកម្ពុជាដើម្បីគ្រប់គ្រងលើគិលានុបដ្ឋាកទាំងអស់នៅក្នុងប្រទេសកម្ពុជា។ គណៈគិលានុបដ្ឋាកកម្ពុជាដឹកនាំដោយអ្នកមានវិជ្ជាជីវៈថែទាំ ដែលត្រូវបានតែងតាំងដោយក្រសួងសុខាភិបាល និងបានបោះឆ្នោតជ្រើសរើសដោយគិលានុបដ្ឋាកដែលរួមការងារជាមួយគ្នា ដូច្នេះហើយការយល់ដឹងយ៉ាងច្បាស់ពីតួនាទីរបស់គិលានុបដ្ឋាក និងការអនុវត្តវិជ្ជាជីវៈគឺមានខ្ពស់។ គណៈគិលានុបដ្ឋាកកម្ពុជាទទួលខុសត្រូវលើការការពារប្រជាពលរដ្ឋកម្ពុជាដោយធានាថាគិលានុបដ្ឋានទាំងឡាយគឺ៖
- បានចុះឈ្មោះជាមួយគណៈគិលានុបដ្ឋាក និងបានបង់ថ្លៃប្រចាំឆ្នាំនៅក្រុមប្រឹក្សាគណៈគិលានុបដ្ឋាករាជធានី-ខេត្តដើម្បីទទួលបានសិទ្ធិផ្តល់ការថែទាំដល់អ្នកជំងឺ
- យល់ដឹង និងអនុវត្តតាមក្រមសីលធម៌ និងស្តង់ដារវិជ្ជាជីវៈការថែទាំរបស់គណៈគិលានុបដ្ឋាកកម្ពុជានឹងត្រូវធ្វើការស៊ើបអង្កេត ប្រសិនបើរកឃើញអ្វីមិនប្រកតី ការពិន័យដ៍សមរម្យមួយ នឹងត្រូវអនុវត្តឡើងបន្ទាប់ពីមានរបាយការណ៍នៃកំហុសវិជ្ជាជីវៈរបស់គិលានុបដ្ឋាក។
គណៈគិលានុបដ្ឋាកកម្ពុជានឹងបន្តផ្តោតលើការបង្កើនការចុះបញ្ជីគិលានុបដ្ឋាកឱ្យបាន ១០០% (មួយរយភាគរយ) ផ្តល់ការបណ្តុះបណ្តាលដល់គិលានុបដ្ឋាកពីក្រមសីលធម៌ និងស្តង់ដារនៃការថែទាំវិជ្ជាជីវៈ និងពីវិធីណែនាំលើការអនុវត្តវិជ្ជាជីវៈ។ ការបង្ហាញមុខងារបញ្ញាតិថ្មីដែលមានដូចជា ការបន្តអភិវឌ្ឍន៍វិជ្ជាជីៈ ការបង្កើនទំរង់ការ និងការទទួលស្គាល់បញ្ញាតិវិជ្ជាជីវៈការថែទាំដែលបានរួមចំណែកផ្តល់នូវគុណភាព ការថែទាំអ្នកជំងឺប្រកបដោយសុវត្ថិភាព និងការពង្រឹងគុណភាពការបណ្តុះបណ្តាល និងការអនុវត្តការថែទាំ។
ក្នុងពេលទន្ទឹមគ្នានេះដែរ គណៈគិលានុបដ្ឋាកធ្វើជាដៃគូរជាមួយក្រសួងសុខាភិបាល និងសមាគមគិលានុបដ្ឋាកកម្ពុជាដើម្បីលើកកំពស់ចំណេះដឹងថែទាំ ការអនុវត្ត និងពង្រឹងគុណភាពនៃការបណ្តុះបណ្តាលនៅសាលា និងការបង្ហាត់បង្រៀននៅមន្ទីរពេទ្យ។
រចនាសម្ព័ន្ធរបស់គណៈគិលានុបដ្ឋាកកម្ពុជាត្រូវបានកំណត់ដោយព្រះរាជក្រឹត្យ រួមមានក្រុមប្រឹក្សាជាតិដែលមានទីតាំងក្នុងក្រុងភ្នំពេញ ក្រុមប្រឹក្សាភូមិភាគចំនួន៥ និងក្រុមប្រឹក្សារាជធានី-ខេត្តចំនួន២៥។