
- This event has passed.
សិកា្ខសិលាទ្រឹស្តី និងអនុវត្តន៍សមាគមគ្រូពេទ្យទារកកម្ពុជាលើកទី ៥ ក្រោមប្រធានបទ «ជួយសង្គ្រោះទារកទើបនឹងកើត – START4NEWBORN» នៅមន្ទីរពេទ្យកាល់ម៉ែត
June 13

សិកា្ខសិលាទ្រឹស្តី និងអនុវត្តន៍សមាគមគ្រូពេទ្យទារកកម្ពុជាលើកទី ៥ ក្រោមប្រធានបទ «ជួយសង្គ្រោះទារកទើបនឹងកើត – START4NEWBORN» នៅមន្ទីរពេទ្យកាល់ម៉ែត
រាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥៖ លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានសមាគមគ្រូពេទ្យទារកកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិកា្ខសិលាលើកទី៥ស្តីពី “ជួយសង្គ្រោះទារកទើបនឹងកើត – START4NEWBORN” នៅមន្ទីរពេទ្យកាល់ម៉ែត។ សិកា្ខសិលារៀបចំឡើងដោយសមាគមគ្រូពេទ្យទារកកម្ពុជាដោយមានការអញ្ញើញចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ប្រធានមន្ទីរពេទ្យជាតិ គណៈគ្រូពេទ្យកម្ពុជា គណៈឆ្មប គណៈគិលានុបដ្ឋាក មន្ទីរពេទ្យខេត្ត និងថ្នាក់ក្រោមជាតិដទៃទៀត ភ្ញៀវជាតិ និងអន្តរជាតិ សិក្ខាកាម ជាវេជ្ជបណ្ឌិត ឆ្មប និងគិលានុបដ្ឋាកដែលអញ្ជើញមកពីស្ថាប័ណរដ្ឋ និងស្ថាប័នឯកជន សរុបចូលផ្ទាល់ចំនួន ៩៤ រូប និងតាមប្រព័ន្ធ Zoom ចំនួន ២៧២១។
សិក្ខាសាលានេះមានរយៈពេលចំនួនពេញមួយថ្ងៃ ដែលធ្វើឡើងក្នុងគោលបំណងបណ្តុះបណ្តាលដល់សិក្ខាកាមទាំងអស់ឲ្យមានការយល់ដឹង និងមានជំនាញក្នុងការសង្គ្រោះទារកទើបនឹងកើត ដោយចេះវាយតំលៃស្ថានភាពទារកដែលកើតមកភ្លាម រៀបចំទុកជាមុននូវសំភារៈសំរាប់សង្គ្រោះទារក និងអាចជួយសង្គ្រោះបឋមដល់ទារកនៅ១នាទីមាសដំបូងនៃជីវិត ព្រមទាំងចេះធ្វើការបញ្ចូនទារក ទៅកាន់មន្ទីរពេទ្យដែលមានលទ្ធភាពខ្ពស់ក្នុងការព្យាបាលបន្ត ឲ្យបានត្រឹមត្រូវ និងសុវត្ថិភាព ដោយមានការធ្វើបទបង្ហាញជាទ្រឹស្តី និងការអនុវត្តផ្ទាល់ទៅលើ ឧបករណ៍បណ្តុៈបណ្តាលជាក់ស្តែង ពីក្រុមគ្រូពេទ្យជំនាញសង្គ្រោះនិងថែទាំទារកនៃមន្ទីពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យគន្ធបុប្ផា ។
ក្នុងឱកាសដ៏ឱឡារិកនេះផងដែរ លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ
រដ្ឋលេខាធិការក្រសួងសុខាភិបាល
បានជូនជាយោបល់ដល់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ប្រធានមន្ទីរខេត្ត ប្រធានមន្ទីរពេទ្យស្រុក ប្រធានមណ្ឌលសុខភាព ទូទាំងរាជធានីខេត្តនៅអនុសាសន៏៤ចំនុចរួមមាន៖
១)រៀបចំបណ្តុះបណ្តាលពីជំនាញក្នុងការសង្គ្រោះទារកទើបនឹងកើតដល់គ្រូពេទ្យ ឆ្មប និងគិលានុបដ្ឋាកទាំងអស់ដែលបំរើការងារទាក់ទងនឹងផ្នែកសម្ភព និងទារក និងត្រូវធានាថាពួកគាត់មានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងការសង្គ្រោះទារក។
២)សិក្ខាកាមដែលបានចូលរួមក្នុងសិក្ខាសាលាថ្ងៃនេះ ត្រូវយកចំនេះដឹងនេះទៅអនុវត្តនៅកន្លែងធ្វើការរបស់ខ្លួន និងធ្វើការបង្ហាត់បង្រៀនបន្ត ដល់សហភាតរៈដែលធ្វើការជាមួយគ្នា។
៣)ពង្រឹងគុណភាពក្នុងការផ្តល់សេវាពិនិត្យសុខភាពមុនសម្រាលដល់ស្រ្តីមានផ្ទៃពោះ ឲ្យមានប្រសិទ្ធភាពខ្ពស់ និងអាចមានសមត្ថភាពក្នុងការកំនត់រោគសញ្ញាប្រឈម ឬរោគសញ្ញាគ្រោះថា្នក់នានាអំឡុងពេលមានផ្ទៃពោះ ដើម្បីធ្វើការបញ្ជូនស្រ្តីមានផ្ទៃពោះទៅកាន់មូលដ្ឋានសុខាភិបាលដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសង្គ្រោះទាំងម្តាយនិងទារកឲ្យបានទាន់ពេលវេលា។
៤)មន្ទីរពេទ្យស្រុកប្រតិបត្តិជាទីបង្អែកក្នុងការជួយសង្គ្រោះមាតា និងទារកសំរាប់មណ្ឌលសុខភាព ចំណែកមន្ទីរពេទ្យខេត្តជាទីបង្អែកក្នុងការជួយសង្គ្រោះមាតា និងទារកសំរាប់មន្ទីរពេទ្យស្រុក។ ដូចនេះមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យស្រុកត្រូវរៀបចំផែនការបណ្តុះបណ្តាលបន្តដល់ មណ្ឌលសុខភាពទាំងអស់ក្នុងតំបន់ រួមទាំងមូលដ្ឋានសុខាភិបាលឯកជនផងដែរ ។
🌐 Website (https://moh.gov.kh/kh/home)
📱 Facebook (https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 Telegram (https://t.me/MOHCambodia)
📱 X (twitter) (https://x.com/MohCambodia?t=WPbumaOe5ljRH7QhDLGZtQ&s=09)
📱 Tiktok (https://www.tiktok.com/@mohcambodia)
📱 YouTube (https://www.youtube.com/@MOHCambodia)