Select Page

ធ្វើដូចម្តេចដើម្បីចុះបញ្ជី

វិញ្ញាបនបត្រ​ចុះ​បញ្ជី​កា​ដែល​​ចេញ​ដោយ​គណៈ​វិជ្ជា​ជីវៈ​សុខា​ភិបាល​នី​មួយ​ៗ​គឺ​ជា​ការ​ទទួល​ស្គាល់​ស្រប​ច្បាប់​នៃ​គុណ​វុឌ្ឍ​វិជ្ជា​ជីវៈ​សុខា​ភិបាល​ សមត្ថភាព និង​ភាព​សមរម្យ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​ងារ​ជា​អ្នក​ជំនាញ​វិជ្ជា​ជីវៈ​សុខាភិបាល​ និង​ទទួល​បាន​អាជ្ញា​បណ្ណ​ដើម្បី​ប្រកប​វិជ្ជា​ជីវៈ​សុខាភិបាល​នៅ​ក្នុង​ប្រទេស​កម្ពុជា។

១. ច្បាប់

តើ​អ្វី​ដែល​សំខាន់​បំផុត​នៅ​ក្នុង​ច្បាប់​ថ្មី?

  • ទី​មួយ៖ អ្នក​វិជ្ជា​ជីវៈ​សុខា​ភិបាល​ទាំង​អស់​នឹង​ត្រូវ​ចុះ​បញ្ជី​កា​ជា​មួយ​គណៈ​វិជ្ជា​ជីវៈ​សុខា​ភិបាល​របស់​ពួក​គេ​ ដើម្បី​អាច​ប្រើ​ប្រាស់​ងារ​ជា​គិលានុបដ្ឋាក-យិកា​ ឫ​អ្នក​ជំនាញ​វិជ្ជា​ជីវៈ​សុខាភិបាល​ផ្សេង​ទៀត។
  • ទី​ពីរ៖ អ្នក​វិជ្ជា​ជីវៈ​សុខាភិបាល​ទាំង​នោះ​ត្រូវ​តែ​ទទួល​បាន​នូវ​អាជ្ញា​បណ្ណ​ពី​គណៈ​វិជ្ជា​ជីវៈ​សុខា​ភិបាល​របស់​ពួក​គេ​ប្រសិន​​បើ​ចង់​ប្រកប​វិជ្ជា​ជីវៈ​សុខាភិបាល។ ការ​ប្រកប​វិជ្ជា​ជីវៈ​សុខាភិបាល​រួម​មាន៖​ ធ្វើ​ការ​​ថែទាំ​អ្នក​ជម្ងឺ ធ្វើ​ការ​បណ្តុះ​បណ្តាល​និស្សិត​ផ្នែក​ថែទាំ ធ្វើ​ការ​ស្រាវ​ជ្រាវ​ផ្នែក​ថែទាំ​អ្នក​ជម្ងឺ ឫ​ស្រាវ​ជ្រាវ​ផ្នែក​ជំនាញ​សុខាភិបាល​ ដឹក​នាំ​ផ្នែក​វិជ្ជា​ជីវៈ​សុខាភិបាល​ និង​ធ្វើ​គោល​នយោបាយ​ថែ​ទាំ​សុខភាព។ ការ​ផ្តល់​ និង​បន្ត​អាជ្ញាបណ្ណ​វិជ្ជាជីវៈ​សុខាភិបាល​គឺ​ជា​រឿង​ថ្មី និង​ខុស​ដាច់​ស្រឡះ​ពី​គ្នា ពី​អាជ្ញា​បណ្ណ​ក្នុង​ការ​បើក​បន្ទប់​ថែទាំ ឫ​បន្ទប់​ពិគ្រោះ​ជម្ងឺ ហើយ​នឹង​ត្រូវ​ចាប់​ផ្តើម​អនុវត្ត​ដោយ​គណៈ​វិជ្ជា​ជីវៈ​នីមួយៗ​ចាប់​ពី​ថ្ងៃ​ទី ០១ ខែ​ធ្នូ ឆ្នាំ​២០១៧។

ហេតុ​អ្វី​បាន​​ជា​មាន​ពីរ​ដំណាក់​កាល​នៅ​ក្នុង​ច្បាប់​ថ្មី៖ ការ​ចុះ​បញ្ជីកា និង​ផ្តល់​អាជ្ញាបណ្ណ?

  • ការ​ចុះ​បញ្ជី​កា​​ជា​អ្នក​វិជ្ជា​ជីវៈ​​សុខាភិបាល គឺ​សម្រាប់​មួយ​ជីវិត និង​មាន​ន័យ​ថា​គណៈ​វិជ្ជា​ជីវៈ​សុខាភិបាល​ទទួល​ស្គាល់​បុគ្គល​ម្នាក់​ជា​អ្នក​ទទួល​​បាន​ការ​បណ្តុះ​បណ្តាល​ផ្នែក​បច្ចេកទេស​ និង​មាន​គុណ​វុឌ្ឍិ​ទទួល​ស្គាល់​ដោយ​ក្រសួង​សុខាភិបាល​ គ្មាន​បញ្ហា​សុខភាព​ផ្លូវ​កាយ ឫ​ផ្លូវ​ចិត្ត​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​ប្រកប​វិជ្ជា​ជីវៈ​ និង​គ្មាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ឫ​ប្រទេស​ដ៍ទៃ​ទៀត។ នៅ​ពេល​ដែល​បាន​ចុះ​បញ្ជីកា​ជា​មួយ​គណៈ​គិលានុបដ្ឋាក​កម្ពុជា​រួច​ហើយ អ្នក​វិជ្ជា​ជីវៈ​សុខា​ភិបាលត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​អ្នក​វិជ្ជា​ជីវៈ​សុខា​ភិបាល​ម្នាក់ និង​អាច​ប្រើ​ប្រាស់​ងារ​ជា​គិលានុបដ្ឋាក​-យិកា​ ឫ​អ្នក​ជំនាញ​វិជ្ជា​ជីវៈ​សុខា​ភិបាល​ផ្សេង​ទៀត។
  • អាជ្ញា​បណ្ណ​ប្រកប​វិជ្ជា​ជីវៈ​សុខាភិបាល​ នឹង​ត្រូវ​បន្ត​ជា​រៀង​រាល់​ ០៣​​ឆ្នាំ​ម្តង​ជា​មួយ​គណៈ​វិជ្ជា​ជីវៈ​សុខាភិបាល​ មាន​ន័យ​ថា​គណៈ​វិជ្ជា​ជីវៈ​សុខាភិបាល​​ពិចារណា​ទៅ​លើ​ការ​ចុះ​បញ្ជីកា​ជាអ្នក​ប្រកប​វិជ្ជា​ជីវៈ​សុខាភិបាល និង​មាន​សម្បទា​គ្រប់​គ្រាន់​ដើម្បី​ប្រកប​វិជ្ជា​ជីវៈ​។ ដើម្បី​ដឹង​ថា​មាន​សម្បទា​គ្រប់​គ្រាន់​ក្នុង​ការ​ប្រកប​វិជ្ជា​ជីវៈ​ គណៈ​វិជ្ជា​ជីវៈ​សុខាភិបាល​ត្រូវ​ធ្វើ​ការ​វាយ​តម្លៃ​ជា​ទៀង​ទាត់​អំពី​បញ្ហា​សុខភាព ប្រវត្តិ​បទ​ឧក្រិដ្ឋ និង​សមត្ថភាព​របស់​អ្នក​ប្រកប​វិជ្ជា​ជីវៈ​សុខា​ភិបាល​ម្នាក់​ៗ។ សមត្ថភាព​នេះ​ពាក់​ព័ន្ធ​នឹង​សកម្ម​ភាព​អភិវឌ្ឍ​ជំនាញ​បន្ត​ជា​ប្រចាំ​របស់​អ្នក​ប្រកប​វិជ្ជា​ជីវៈ​សុខាភិបាល និង​ការ​ប្រកប​វិជ្ជា​ជីវៈ​បច្ចុប្បន្ន។

២. ការ​ចុះ​បញ្ជីកា

តើ​ការ​ចុះ​បញ្ជីកា និង​អាជ្ញាបណ្ណ នឹង​ត្រូវ​អនុវត្ត​ចំពោះ​តែ​អ្នក​ប្រកប​វិជ្ជា​ជីវៈ​សុខាភិបាល​វិស័យ​ឯកជន​ឫ? តើ​ត្រូវ​អនុវត្ត​ចំពោះ​អ្នក​ប្រកប​វិជ្ជា​ជីវៈ​សុខាភិបាល​ដែល​បម្រើ​ការងារ​ក្នុង​វិស័យ​រដ្ឋ​ដែរ​ឫ​ទេ?

ការ​ចុះ​បញ្ជី​កា​អនុវត្ត​ចំពោះ​អ្នក​វិជ្ជា​ជីវៈ​សុខាភិបាល​ទាំង​អស់។ ការ​សុំ​អាជ្ញាបណ្ណ​អនុវត្ត​ចំពោះ​អ្នក​ប្រកប​វិជ្ជា​ជីវៈ​សុខាភិបាល​ទាំង​អស់​​ដែល​ធ្វើ​ការ​ថែ​ទាំ​អ្នក​ជម្ងឺ ធ្វើ​ការ​បណ្តុះ​បណ្តាល​និស្សិត​ផ្នែក​សុខាភិបាល ធ្វើ​ការ​ស្រាវ​ជ្រាវ​ផ្នែក​ថែទាំ​អ្នក​ជម្ងឺ ឫ​ស្រាវ​ជ្រាវ​ផ្នែក​ជំនាញ​សុខាភិបាល​ អ្នក​ដឹក​នាំ​ផ្នែក​វិជ្ជា​ជីវៈ​សុខាភិបាល និង​អ្នក​ធ្វើ​គោល​នយោបាយ​ថែទាំ​សុខភាព។ ទាំង​អស់​នេះ​គឺ​សំដៅ​​លើ​អ្នក​បម្រើ​ការងារ​ទាំង​ក្នុង​វិស័យ​រដ្ឋ និង​វិស័យ​ឯកជន។

តើអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលត្រូវត្រៀមអ្វីខ្លះមុនពេលទៅជួបមន្ត្រីចុះបញ្ជី ឫ​ចូល​ទៅ​គេហទំព័រ​របស់​គណៈវិជ្ជាជីវៈ​សុខាភិបាល​ដើម្បី​ធ្វើ​ការ​ចុះ​បញ្ជីកា?

  • សញ្ញាបត្រវិជ្ជាជីវៈសុខាភិបាល ឫការបណ្តុះបណ្តាលផ្សេងៗដែលមានបញ្ជាក់ពីសាលាក្រុង/សាលាខេត្ត
  • រូបថត (៤x៦) ឫរូបថតឌីជីថលលើទូរស័ព្ទ ឫលើកំព្យូទ័រ
  • អត្តសញ្ញាណបណ្ណ
  • លិខិតថ្កោលទោស
  • ថវិកា ឫកន្ទុយសន្លឺកដែលបញ្ជាក់ពីការបង់លុយ (អាចតាម Wing/AMK/វេរតាមធនាគារ)
  • វិញ្ញាប័នប័ត្របញ្ជាក់សុខភាព

តើនឹងមានអ្វីកើតឡើងប្រសិនបើនរណាម្នាក់មិនអនុវត្តតាមច្បាប់ថ្មី?

  • ពួកគេនឹងទទួលពិន័យដោយយោងទៅតាមច្បាប់ថ្មី។ ឧទាហរណ៍ពីរដែលមានក្នុងច្បាប់ថ្មីគឺ៖
    • ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ៥លានរៀល ទៅ១០លានរៀល​ចំពោះ​ជន​ណា​ដែល​មិន​មែន​ជា​អ្នកវិជ្ជាជីវៈសុខាភិបាលហើយប្រកបវិជ្ជាជីវៈសុខាភិបាល។
    • ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ៥លានរៀល ចំពោះ​អ្នក​វិជ្ជា​ជីវៈ​សុខា​ភិបាល​ដែល​​ប្រកប​​វិជ្ជាជីវៈ​សុខាភិបាល​ដោយ​គ្មាន​អាជ្ញាបណ្ណ​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល។
  • គណៈវិជ្ជាជីវៈសុខាភិបាលកំពុងផ្តោតការយកចិត្តទុកដាក់ជួយដល់អ្នកគ្រប់គ្នាដែលមិនទាន់បានចុះបញ្ជិកា ដើម្បី​មក​ចុះ​បញ្ជិកា​ជា​មួយ​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​នីមួយៗ​ឱ្យ​បាន​មុន ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧។
  • គណៈវិជ្ជាជីវៈសុខាភិបាលនឹងផ្តោតការយកចិត្តទុកដាក់ទៅលើអ្នកវិជ្ជាជីវៈសុខាភិបាលដែលបានចុះបញ្ជិការួច ហើយ​ដែល​តម្រូវ​ឱ្យ​មាន​អាជ្ញាបណ្ណ​ប្រកប​វិជា្ជជីវៈ​ចាប់​ពី ថ្ងៃទី១ ខែ វិចិ្ឆកា ឆ្នាំ២០១៧។

ជំហ៊ាន​នៃ​ការ​ចុះ​បញ្ជី​តាម​អនឡាញ៖

  • ចូល​ទៅ​កាន់​គេហទំព័រ​របស់​គណៈគិលានុបដ្ឋាក​កម្ពុជា www.cambodiancouncilofnurse.com ឫគេហទំព័រ​របស់​គណៈវិជ្ជា​ជីវៈ​សុខាភិបាល www.hpc-cambodia.com
  • ជ្រើស​រើស​គណៈគិលានុបដ្ឋាក​កម្ពុជា
  • ជ្រើស​រើស​យក​ការ​ចុះ​បញ្ជីកា​តាម​អនឡាញ ឫ​ទាញ​យក​ទម្រង់​នៃ​ការ​ចុះ​បញ្ជីកា
  • វាយ​ឈ្មោះ​ជា​អក្សរ​ឡាតាំង ជា​អក្សរ​តូច​ទាំង​អស់​ និង​មិន​មាន​ដក​ឃ្លា (មិន​មាន​ space)
  • ដាក់​លេខ​កូដ​សំងាត់​​យ៉ាង​តិច​ ៨​ខ្ទង់ (អាច​ជា​លេខ​ទាំង​អស់ ឫ​អក្សរ​ទាំង​អស់ ឫ​លេខ និង​អក្សរ​លាយ​គ្នា) ​(តែ​ត្រូវ​ចាំ​លេខ​កូដ​សំងាត់​នេះ​ដោយ​ខ្លួន​ឯង)
  • បំពេញ​ពាក្យ​ស្នើ​សុំ​ចុះ​បញ្ជី​កា​​តាម​ផ្នែក​ និង​ទំព័រ​នីមួយ​ៗ​ឲ្យ​បាន​ល្អិត​ល្អន់ និង​ភ្ជាប់​ជា​មួយ​នូវ​ឯក​សារ​ចាំ​បាច់​មួយ​ចំនួន​ដែល​អ្នក​បាន​ត្រៀម​រួច​ជា​ស្រេច រហូត​ដល់​ផ្នែក​ចុង​ក្រោយ​ (ចំណាំ៖ កុំ​ភ្លេច​ជ្រើស​រើស​យក​ពាក្យ«រក្សា​ទុក» ឫ​ពាក្យ«save» នៃ​ចុង​ផ្នែក ឫ​ទំព័រ​និមួយៗ)

 

៣. អាជ្ញា​បណ្ណ និង​ការ​ទទួល​​អាជ្ញា​បណ្ណ​ជា​ថ្មី

ហេតុអ្វីបានជាមានពីរដំណាក់កាលនៅក្នុងច្បាប់ថ្មី៖ ចុះបញ្ជិកា និង ផ្តល់អាជ្ញាបណ្ណ?

  • ចុះបញ្ជីកាគឺសម្រាប់មួយជីវិត និងមានន័យថាអ្នកជំនាញវិជ្ជាជីវៈសុខាភិបាល៖
    • មានការបណ្តុះបណ្តាលបច្ចេកទេសត្រឹមត្រូវ
    • មានគុណវុឌ្ឍគ្រប់គ្រាន់ដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល
    • ពុំមានបញ្ហាសុខភាពផ្លូវកាយ និងផ្លូវចិត្ត
    • ពុំមានប្រព្រឹត្តបទឧក្រិដ្ឋណាមួយក្នុងប្រទេស ឫក្រៅប្រទេស
  • អាជ្ញាបណ្ណប្រកបវិជ្ជាជីវៈសុខាភិបាល គឺជាភាពស្របច្បាប់មួយដែលត្រូវធ្វើឡើងដើម្បីចាប់ផ្តើមប្រកបវិជ្ជាជីវៈ ជាអ្នកវិជ្ជាជីវៈសុខាភិបាលត្រូវ៖
    • មានសម្បទាគ្រប់គ្រាន់ដើម្បីប្រកបវិជ្ជាជីវៈ
    • រក្សានូវសមត្ថភាពក្នុងការប្រកបវិជ្ជាជីវៈតាមរយៈការចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗដែលទាក់ទងនឹងការងារ។
  • ការ​ទទួល​អាជ្ញា​បណ្ណ​ប្រកប​វិជ្ជា​ជីវៈ​ជា​ថ្មី​ គឺ​ជា​រឿង​ចាំ​បាច់​បំផុត​មិន​អាច​ខក​ខាន​បាន​នោះ​ទេ​សម្រាប់​អ្នក​ប្រកប​វិជ្ជា​ជីវៈ​សុខា​ភិបាល​ទាំង​អស់ (គិលានុបដ្ឋាក​-យិកា) ដើម្បី​បន្ត​អភិវឌ្ឍន៍​​សមត្ថភាព​វិជ្ជា​ជីវៈ​ឲ្យ​ស្រប​ទៅ​នឹង​ការ​អនុវត្ត និង​បច្ចុប្បន្ន​ភាព​នៃ​ថែ​ទាំ​។ ការ​ទទួល​អាជ្ញា​បណ្ណ​ជា​ថ្មី​ ត្រូវ​ធ្វើ​ឡើង​ជា​រៀង​រាល់​ ៣​ឆ្នាំ​ម្តង​ជា​មួយ​គណៈគិលានុបដ្ឋាក​កម្ពុជា​តាម​លក្ខ​ខណ្ឌ​មួយ​ចំនួន​ដែល​បាន​កំណត់​ក្នុង​គោល​ការណ៍​ណែ​នាំ​ស្តី​ពី​ការ​អភិវឌ្ឍ​វិជ្ជា​ជីវៈ​បន្ត​របស់​គណៈ​គិលានុបដ្ឋាក​កម្ពុជា។

សូម​ចូល​ទៅ​កាន់​គេហទំព័រ​នៃ​ការ​ចុះ​បញ្ជីកា ដើម្បី​ធ្វើ​ការ​ចុះ​បញ្ជីកា​ឥឡូវ​នេះ!

តម្លៃ​នៃ​ការ​ចុះ​បញ្ជីកា និង​ការ​ទទួល​អាជ្ញាបណ្ណ​របស់​គណៈ​គិលានុបដ្ឋាក​កម្ពុជា​

 View PDF

 

ទម្រង់​ចុះ​បញ្ជីកា