
- This event has passed.
ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកោះកុង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥
June 25
Event Navigation

ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកោះកុង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥
ខេត្តកោះកុង៖ នារសៀលថ្ងៃពុធ ១៥រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥
ដោយមានការអនុញ្ញាតពីលោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិអាណត្តិទី៣ លោក ងិន ប៊ុនធឿន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំកិច្ចបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ ធ្វើនៅបន្ទប់គណៈវិជ្ជាជីវៈសុខាភិបាល មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង។
កិច្ចប្រជុំនេះមានគោលបំណង៖
១. ការបូកសរុបលទ្ធផលការងាររបស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តឆ្នាំ២០២៤ និង ឆមាសទី១ ឆ្នាំ២០២៥
២. ការកែសម្រួលបែងចែកតួនាទីសមាជិកក្រុមប្រឹក្សា ក្នុងការទទួលខុសត្រូវលើការចុះបញ្ជិកា ការជួយសង្គ្រោះដល់សមាជិក ការអនុវិន័យរបស់គណៈគិលានុបដ្ឋាក ការគ្រប់គ្រងថវិកា ការរៀបចំរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ ការរៀបចំកម្មវិធីផ្សព្វផ្សាយក្រមសីលធម៌គិលានុបដ្ឋាក និងកម្មវិធីផ្សេងៗដែលចាំបាច់ ដើម្បីឱ្យការអនុវត្តការងារកាន់តែមានគុណភាព ប្រសិទ្ធភាព។
លោកប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកោះកុង ក៏បានលើកឡើងនូវបញ្ហា មួយចំនួនដើម្បីយកមកពិភាក្សាក្នុងកិច្ចប្រជុំផងដែររួមមាន៖ ការប្រព្រឹត្តលើសដែនកំណត់វិជ្ជាជីវៈគិលានុបដ្ឋាករបស់សមាជិកមួយចំនួនតូច ការចុះបញ្ជិកា ការបន្តសពុលភាពមិនទាន់ពេលវេលា ការមិនអាចចុះបញ្ជិកា ឬបន្តសុពលភាពបានចំពោះសមាជិកដែលបាត់សញ្ញាបត្រ មិនមានសមមូលពីក្រសួងសុខាភិបាល ចំពោះអ្នកបញ្ចប់ការសិក្សាក្រៅប្រទេស។
លោកប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្ត ក៏មានប្រសាសន៍បន្ថែមទាក់ទងនឹងច្បាប់ លិខិតបទដ្ឋានគតិយុត្ត ស្ដីពីវិជ្ជាជីវៈសុខាភិបាលពិសេសគិលានុបដ្ឋាក ដែលសមាជិកក្រុមប្រឹក្សាទាំងអស់ត្រូវតែស្វែងយល់ ដើម្បីជាមូលដ្ឋានក្នុងការអនុវត្តតួនាទីភារកិច្ច និងចូលរួមផ្សព្វផ្សាយដល់សមាជិក និងអ្នកពាក់ព័ន្ធឱ្យកាន់តែទូលំទូលាយ។
សមាជិកនៃកិច្ចប្រជុំក៏បានបញ្ចេញមតិ ស្ដីពីការពង្រឹងការចូលរួមគ្រប់គ្រងប្រព័ន្ធចុះបញ្ជិកា RMS តាមគោលដៅ ដូចជា មន្ទីរសុខាភិបាល មន្ទីរពេទ្យបង្អែកខេត្ត ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ និងស្រែអំបិល ពិសេសត្រូវមានអ្នកចុះបញ្ជិកាទាំង៧ ក្រុង-ស្រុក ដើម្បីងាយស្រួលគ្រប់គ្រង។