កម្មវិធី
ក្នុងទិសដៅបន្តការបង្កើត និងថែទាំស្តង់ដារថែទាំប្រកបដោយវិជ្ជាជីវៈដើម្បីការពារសុវត្ថិភាពសាធារណៈ ដែលឆ្លើយតបទៅនឹងការផ្លាស់ប្តូរបរិស្ថានដើម្បីធានាឲ្យបាននូវកម្លាំងពលកម្មដែលស្របតាមបំណង ទំនាក់ទំនងភាគីពាក់ព័ន្ធដើម្បីណែនាំការអភិវឌ្ឍកម្លាំងពលកម្មដែលមានសមត្ថភាព និងអាចបត់បែនតាមស្ថានភាព ការបង្ហាញភាពជាអ្នកដឹកនាំជាលក្ខណៈជាតិ និងអន្តរជាតិលើបទប្បញ្ញត្តិលើការថែទាំ ការបណ្តុះបណ្តាលក្នុង និងក្រៅប្រទេសដើម្បីកសាងសមត្ថភាពរបស់ក្រុមប្រឹក្សាឲ្យទទួលបានគិលានុបដ្ឋាកទាំងបរិមាណ និងគុណភាព និងពង្រឹងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍របស់គណៈគិលានុបដ្ឋាកកម្ពុជា (គ.គិ.ក) ដែលជាព្រឹត្តិការណ៍ដ៍សំខាន់ក្នុងប្រវត្តិសាស្រ្តកម្ពុជាដែលត្រូវបានបង្កើតឡើងដើម្បីអនុវត្តលើការទទួលខុសត្រូវខាងលើ។ តួនាទីរបស់ គ.គិ.ក គឺមិនមែនស្វែងរកកំហុសឆ្គងដើម្បីផ្តន្ទាទោសបុគ្គលនោះទេ ជាជាងឃ្លាំមើលការប្រព្រឹត្តទៅនៃបណ្តាគោលការណ៍សីលធ៌ម ភាពសុច្ចរិត យុត្តិធ៌ម និងភក្តីភាពដែលចាំបាច់ក្នុងការប្រកបវិជ្ជាជីវៈជំនួយវេជ្ជសាស្រ្តឲ្យបានគង់វង្ស និងមានប្រសិទ្ធិភាព ឃ្លាំមើលការប្រព្រឹត្តរបស់សមាជិកទាំងអស់ចំពោះករណីយកិច្ចវិជ្ជាជីវៈ និងបទប្បញ្ញត្តិផ្សេងៗដែលមានចែងក្នុងក្រមសីលធ៌មគិលានុបដ្ឋាក និងការពារកិត្តយស និងឥស្សរភាពរបស់វិជ្ជាជីវៈជំនួយវេជ្ជសាស្រ្ត។
ដើម្បីសម្រេចគោលបំណងខាងលើ គ.គិ.ក បានបង្កើត និងអនុវត្តផែនការយុទ្ធសាស្រ្តទី ១ (២០១៤-២០១៦) ដែលបានដាក់ចេញនូវសកម្មភាពសំខាន់ៗចំនួនបីគឺ៖ (១) ស្តង់ដារវិជ្ជាជីវៈ (២) ការចុះបញ្ជី និងការផ្តល់អាជ្ញាបណ្ណ និង(៣) យុទ្ធសាស្រ្តទំនាក់ទំនង។ រហូតដល់ឆ្នាំ ២០១៦ គ.គិ.ក បានសម្រេចនូវសមិទ្ធផលសំខាន់ៗមួយចំនួនពីការអនុវត្តផែនការយុទ្ធសាស្រ្តទី១។
គ.គិ.ក តម្រូវ និងមានគោលដៅក្នុងការអភិវឌ្ឍស្ថាប័ន និងការកសាងសមត្ថភាពបុគ្គល។ ក.គិ.ជ បានបង្កើត និងត្រៀមខ្លួនរួចជាស្រេចដើម្បីអនុវត្តផែនការយុទ្ធសាស្រ្តទី២ (២០១៧-២០១៩) ដែលសំដៅធ្វើឲ្យប្រសើរឡើងជាបន្តបន្ទាប់នូវការកសាងសមត្ថភាពស្ថាប័ន និងវិជ្ជាជីវៈថែទាំដោយការរំពឺងទុកថានឹងលើកកម្ពស់សុខភាព និងសុវត្ថិភាពអ្នកជម្ងឺ។
ផែនការយុទ្ធសាស្ត្រឆ្នាំ ២០២១-២០២៥ របស់គណៈគិលានុបដ្ឋាកកម្ពុជានេះត្រូវបានរៀបចំឡើងដោយក្រុមការងារដែលដឹកនាំដោយគណៈគិលានុបដ្ឋាកកម្ពុជាក្រោមកិច្ចសហការនិងឧបត្ថម្ភគាំទ្រដោយគម្រោងលើកកម្ពស់គុណភាព សេវាថែទាំសុខភាពរបស់ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក (USAID-EQHA) ដែលអនុវត្ដដោយអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI360)។
ផែនការយុទ្ធសាស្ត្រនេះ គឺបង្កើតឡើងដើម្បី ចង្អុលបង្ហាញ ដល់ថ្នាក់ដឹកនាំ គណៈគិលានុបដ្ឋាកកម្ពុជា ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិយកទៅអនុវត្ដដើម្បី សម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្ត្រ សំខាន់ៗទាំងឡាយនៅមុនបំណាច់ឆ្នាំ២០២៥។