- This event has passed.
អបអរសាទរទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ២០២៦ ក្រោមប្រធានបទ «ពិភពលោក ត្រូវការឆ្មបបន្ថែម១លាននាក់»។
May 5
Event Navigation

អបអរសាទរទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ២០២៦ ក្រោមប្រធានបទ «ពិភពលោក ត្រូវការឆ្មបបន្ថែម១លាននាក់»។
រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ២០២៦ ក្រោមប្រធានបទ «ពិភពលោក ត្រូវការឆ្មបបន្ថែម១លាននាក់» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និង មានការចូលរួមពី លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខ ភាពមាតា និងទារក លោកស្រី Sandra Bernklau តំណាងអង្គការ UNFPA និងជាតំណាងដៃគូអភិវឌ្ឍន៍សុខាភិបាល និងឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ភ្ញៀវកិត្តិយសជាតិ -អន្តរជាតិ និងតាមប្រព័ន្ធ Zoom ដែលមានចំនួនជាង ១ពាន់នាក់ ដោយបានប្រារពធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណាភ្នំពេញ។
នៅក្នុងគោលបំណងសំខាន់បានបង្ហាញពីតួនាទីរបស់ឆ្មប ដែលជាស្នូលដ៏សំខាន់ ក្នុងការធានាបាននូវសុវត្ថិភាព មាតា និងទារក ព្រោះថាឆ្មប គឺជាអ្នកផ្តល់នូវការថែទាំសំខាន់ៗ ក្នុងពេលពរពោះ ក្នុងការជួយដល់ការសម្រាលដោយសុវត្ថិភាព និងធានាដល់ការថែទាំស្រ្តីជាមាតា និងទារកក្រោយសម្រាល។ វិជ្ជាជីវៈឆ្មប គឺជាការងារដ៏ឧត្តុង្គឧត្តម និងជាការជួយសង្រ្គោះអាយុជីវិតមនុស្ស និងផ្តល់ក្តីសង្ឃឹមដល់គ្រួសារទាំងឡាយ និងជួយឱ្យកុមារម្នាក់ៗ ចាប់ផ្តើមជីវិតប្រកបដោយសេចក្តីថ្លៃថ្នូរ និងការថែទាំយ៉ាងហ្មត់ចត់ និងអនាគតរបស់យើង គឺអាស្រ័យទៅលើសុខភាពទារក និងមាតា។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា តាមនិយមន័យអន្តរជាតិ «ឆ្មបជំនាញ គឺជាអ្នកជំនាញសុខភាពដែលមានការទទួលស្គាល់ និងទទួលបានការបណ្តុះបណ្តាលឱ្យមានសមត្ថភាពលើជំនាញចាំបាច់ ក្នុងការគ្រប់គ្រងការថែទាំផ្ទៃពោះ ការសម្រាលកូន ការថែទាំក្រោយសម្រាល ស្គាល់ពីសញ្ញាគ្រោះថ្នាក់ និងធ្វើការបញ្ជូនស្ត្រី និងទារក ទៅកន្លែងដែលមានសេវាកម្រិតខ្ពស់ជាង»។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា តម្រូវឱ្យមានការវិនិយោគលើ៖
១) ការធ្វើផែនការអភិវឌ្ឍន៍ធនធានមនុស្សសុខាភិបាល ការគ្រប់គ្រង និងលើកកម្ពស់បរិស្ថានការងារ
២) ពង្រឹងការបណ្តុះបណ្តាលមូលដ្ឋានជំនាញឆ្មប និងការបណ្តុះបណ្តាល ក្នុងពេលបម្រើការងារសម្រាប់ឆ្មប
៣) កែលម្អការបម្រើសេវាសុខភាពបន្តពូជ សុខភាពមាតា និងទារក និង
៤) ពង្រឹងភាពជាអ្នកដឹកនាំដល់ក្រុមឆ្មបជំនាញ។
ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ណែនាំដល់មន្ទីរសុខាភិបាលរាជធានីខេត្ត ត្រូវធ្វើនិយ័តកម្មពង្រឹងនូវគុណភាពការបម្រើសេវាឯកជន ឱ្យមានភាពជាដៃគូជាមួយវិស័យសាធារណៈ ដោយផ្តោតសំខាន់ ត្រូវតែមានច្បាប់ មានគុណភាព ក្រមសីលធម៌វិជ្ជាជីវៈ និងធនធានមនុស្សឱ្យមានវិជ្ជាជីវៈច្បាស់លាស់ ដោយត្រូវគោរពតាមបទដ្ឋានបច្ចេកទេស និងស្របតាមច្បាប់កំណត់ និងគោលនយោបាយរបស់ជាតិ។
#CCN





