- This event has passed.
លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា អញ្ជើញថ្លែងសុន្ទរកថាបិទសន្និសីទក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តសៀមរាប ឆ្នាំ២០២៦
July 25
Event Navigation

លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា អញ្ជើញថ្លែងសុន្ទរកថាបិទសន្និសីទក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តសៀមរាប ឆ្នាំ២០២៦។
ខេត្តសៀមរាប៖ នាវេលាល្ងាចថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាបិទសន្និសីទក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តសៀមរាប ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «ការពង្រឹងវិជ្ជាជីវៈគិលានុបដ្ឋាកកម្ពុជា៖ នវានុវត្តន៍ គុណភាព និងសុវត្ថិភាពអ្នកជំងឺ» ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ Empress Angkor Resort & Spa ខេត្តសៀមរាប។
ក្នុងសុន្ទរកថាបិទ លោកប្រធានបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ជោគជ័យនៃសន្និសីទ ដែលបានប្រព្រឹត្តទៅក្នុងបរិយាកាសប្រកបដោយស្មារតីសហការ ការចូលរួមយ៉ាងសកម្ម និងការផ្លាស់ប្តូរចំណេះដឹងប្រកបដោយគុណភាពពីសំណាក់ថ្នាក់ដឹកនាំ អ្នកជំនាញ វាគ្មិន និងអ្នកវិជ្ជាជីវៈគិលានុបដ្ឋាកមកពីទូទាំងប្រទេស។ លោកបានគូសបញ្ជាក់ថា សន្និសីទនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមក្នុងការពង្រឹងគុណភាពសេវាថែទាំ លើកកម្ពស់ស្តង់ដារវិជ្ជាជីវៈ និងជំរុញការអភិវឌ្ឍវិជ្ជាជីវៈគិលានុបដ្ឋាកនៅកម្ពុជា។
លោកប្រធានបានលើកឡើងថា ខ្លឹមសារសំខាន់ៗដែលទទួលបានពីសន្និសីទ រួមមានការពង្រឹងភាពជាអ្នកវិជ្ជាជីវៈ ការចុះបញ្ជិកា ការបន្តអាជ្ញាបណ្ណ និងការអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) ការកសាងវប្បធម៌សុវត្ថិភាពអ្នកជំងឺ (Just Culture & Patient Safety) ការលើកកម្ពស់ នវានុវត្តន៍ និងការស្រាវជ្រាវផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ (Evidence-Based Practice) ព្រមទាំងការពង្រឹងគុណភាពនៃការថែទាំ និងការបញ្ជូនអ្នកជំងឺប្រកបដោយសុវត្ថិភាព។
ជាមួយគ្នានេះ លោកប្រធានបានអំពាវនាវដល់គិលានុបដ្ឋាក និងគិលានុបដ្ឋាយិកាទាំងអស់ ឱ្យយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីសន្និសីទទៅអនុវត្តជាក់ស្តែង បន្តចែករំលែកដល់សហការី និងរួមគ្នាបង្កើតវប្បធម៌នៃការរៀនសូត្រជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់គុណភាពសេវាថែទាំ និងសុវត្ថិភាពអ្នកជំងឺ។
លោកប្រធានបានបញ្ជាក់យ៉ាងមុតមាំថា៖ «ការផ្លាស់ប្តូរដើម្បីគុណភាព និងសុវត្ថិភាពអ្នកជំងឺ ចាប់ផ្តើមចេញពីខ្លួនយើងម្នាក់ៗ» និងបានអះអាងថា គណៈគិលានុបដ្ឋាកកម្ពុជា នឹងបន្តពង្រឹងការចុះបញ្ជិកា ការបន្តអាជ្ញាបណ្ណ ការអភិវឌ្ឍវិជ្ជាជីវៈបន្ត ការអនុវត្តក្រមសីលធម៌ និងស្តង់ដារវិជ្ជាជីវៈ ដើម្បីកសាងវិជ្ជាជីវៈគិលានុបដ្ឋាកកម្ពុជាឱ្យកាន់តែរឹងមាំ មានគុណភាព និងឈានទៅស្តង់ដារតំបន់ និងអន្តរជាតិ។
ក្នុងឱកាសនោះផងដែរ លោកប្រធានបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវាគ្មិនកិត្តិយស គណៈកម្មការរៀបចំ ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តសៀមរាប មន្ទីរពេទ្យ ដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ ព្រមទាំងអង្គសន្និសីទទាំងមូល ដែលបានរួមចំណែកធ្វើឱ្យសន្និសីទឆ្នាំ២០២៦នេះទទួលបានជោគជ័យ និងបានរួមចំណែកជំរុញការអភិវឌ្ឍវិជ្ជាជីវៈគិលានុបដ្ឋាកកម្ពុជាឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព។













































