- This event has passed.
លោក កប នឿន អនុប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ បានអញ្ជើញចូលរួមក្នុងកម្មវិធីបូកសរុបការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ ព្រមទាំងកម្មវិធីចែករំលែកបទពិសោធន៍ ការថែទាំអ្នកជំងឺ តាមមន្ទីរពេទ្យបង្អែកក្នុងខេត្តព្រៃវែង។
May 18
Event Navigation

លោក កប នឿន អនុប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ បានអញ្ជើញចូលរួមក្នុងកម្មវិធីបូកសរុបការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ ព្រមទាំងកម្មវិធីចែករំលែកបទពិសោធន៍ ការថែទាំអ្នកជំងឺ តាមមន្ទីរពេទ្យបង្អែកក្នុងខេត្តព្រៃវែង។
ខេត្តព្រៃវែង: នាថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹង ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ លោក កប នឿន អនុប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ បានអញ្ជើញចូលរួមក្នុងកម្មវិធីខាងលើ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត សេង បញ្ញាឫទ្ធិ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រៃវែងដោយ មានសមាសភាពចូលរួមផ្ទាល់ប្រមាណ ១៣០ រូប និងចូលរួមតាមប្រព័ន្ធនិម្មិត Zoom ប្រមាណ ២០០ រូប ។
កម្មវិធីនេះមានគោលបំណងសំខាន់ៗ ដូចខាងក្រោម៖
១. ពង្រឹងគុណភាព និងសុវត្ថិភាពសេវាថែទាំអ្នកជំងឺ។
២. លើកកម្ពស់ការអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) សម្រាប់គិលានុបដ្ឋាក-យិកា។
៣. ជំរុញការថែទាំផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ (Evidence-Based Practice)។
៤. ពង្រឹងក្រមសីលធម៌ និងវិជ្ជាជីវៈគិលានុបដ្ឋាក។
៥. បង្កើនភាពជាអ្នកដឹកនាំ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការបំពេញការងារ។
៦. ពង្រឹងសាមគ្គីភាព និងកិច្ចសហការក្នុងវិស័យគិលានុបដ្ឋាក។
៧. លើកកម្ពស់ការបណ្តុះបណ្តាល និងស្តង់ដារថែទាំ។
៨. ជំរុញការស្រាវជ្រាវ និងនវានុវត្តន៍ក្នុងវិស័យគិលានុបដ្ឋាក។
ជាកិច្ចចាប់ផ្តើម លោក កប នឿន អនុប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ បានផ្តល់មតិសំណេះសំណាល និងចំណាប់អារម្មណ៍ក្នុងពិធីបើកកិច្ចប្រជុំ ដោយលោកបានសម្តែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាល និងគិលានុបដ្ឋាក-យិកាទាំងអស់ ដែលបានបំពេញការងារប្រកបដោយវិជ្ជាជីវៈ ស្មារតីទទួលខុសត្រូវខ្ពស់ ។លោកបានលើកឡើងថា កិច្ចប្រជុំនេះ គឺជាឱកាសដ៏មានសារៈសំខាន់សម្រាប់ការវាយតម្លៃលទ្ធផលការងារកន្លងមក ការពិភាក្សាបញ្ហាប្រឈម និងការកំណត់ទិសដៅអនុវត្តបន្ត ដើម្បីលើកកម្ពស់គុណភាពសេវាថែទាំ និងការអភិវឌ្ឍវិជ្ជាជីវៈគិលានុបដ្ឋាកឱ្យកាន់តែប្រសើរឡើង។
ជាមួយគ្នានេះ លោកក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការចែករំលែកបទពិសោធន៍ការថែទាំអ្នកជំងឺ ដែលជាកត្តាចម្បងក្នុងការពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងការអនុវត្តការងារប្រកបដោយ ប្រសិទ្ធភាព។ លោកបានជំរុញឱ្យគិលានុបដ្ឋាក-យិកាបន្តពង្រឹងគុណភាព និងសុវត្ថិភាពសេវាថែទាំ លើកកម្ពស់ការអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) អនុវត្តការថែទាំផ្អែកលើ ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ បង្កើនភាពជាអ្នកដឹកនាំ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ព្រមទាំងពង្រឹងសាមគ្គីភាពរវាងសមាជិកគិលានុបដ្ឋាកគ្រប់លំដាប់ថ្នាក់។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត សេង បញ្ញាឫទ្ធិ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រៃវែង បានមានប្រសាសន៍កោតសរសើរ និងលើកទឹកចិត្តដល់គិលានុបដ្ឋាក-យិកាទាំងអស់ ឱ្យបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន តាមរយៈការបណ្តុះបណ្តាល និងការអភិវឌ្ឍចំណេះដឹងជាបន្តបន្ទាប់។ ឯកឧត្តមក៏បានជំរុញឱ្យមានការចុះបញ្ជិកាវិជ្ជាជីវៈឱ្យបានគ្រប់គ្នា ពង្រឹងការបណ្តុះបណ្តាលនៅតាមសាខា លើកកម្ពស់ការចែករំលែកបទពិសោធន៍ការងារ ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងបង្កើនសមត្ថភាពក្នុងការប្រកបវិជ្ជាជីវៈប្រកបដោយគុណភាព និងប្រសិទ្ធភាព។
ជាកិច្ចបញ្ចប់ លោក កប នឿន បានផ្តល់មតិផ្តាំផ្ញើ និងការលើកទឹកចិត្តដល់សមាជិក សមាជិកាគិលានុបដ្ឋាកទាំងអស់ ឱ្យបន្តខិតខំបំពេញការងារប្រកបដោយវិជ្ជាជីវៈ សាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមលើកកម្ពស់គុណភាពសេវាសុខាភិបាលជូនប្រជាពលរដ្ឋ។
















