- This event has passed.
កិច្ចប្រជុំប្រចាំខែឧសភា របស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យកាល់ម៉ែត ដើម្បីពង្រឹងគុណភាពវិជ្ជាជីវៈ និងទិសដៅយុទ្ធសាស្ត្រក្នុងការផ្តល់សេវាថែទាំប្រកបដោយសុវត្ថិភាព។
May 20
Event Navigation

កិច្ចប្រជុំប្រចាំខែឧសភា របស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យកាល់ម៉ែត ដើម្បីពង្រឹងគុណភាពវិជ្ជាជីវៈ និងទិសដៅយុទ្ធសាស្ត្រក្នុងការផ្តល់សេវាថែទាំប្រកបដោយសុវត្ថិភាព។
រាជធានីភ្នំពេញៈ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យកាល់ម៉ែត បានរៀបចំកិច្ចប្រជុំប្រចាំខែឧសភា ក្រោមការដឹកនាំ និងទំនួលខុសត្រូវរបស់ លោក ផាត់ យ៉នភារ៉ាត ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យកាល់ម៉ែត និងមានការចូលរួមពីសមាជិកនៃក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យកាល់ម៉ែត។
នៅក្នុងកិច្ចប្រជុំខាងលើនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងត្រួតពិនិត្យ វាយតម្លៃលទ្ធផលការងារកន្លងមក ពិភាក្សាបញ្ហាប្រឈមនានា និងដាក់ចេញនូវទិសដៅការងារយុទ្ធសាស្ត្រសំខាន់ៗ សំដៅពង្រឹងគុណភាពវិជ្ជាជីវៈ ក្រមសីលធម៌ ការគ្រប់គ្រង និងការផ្តល់សេវាថែទាំប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ជូនអ្នកជំងឺដូចជា:
១. ការពង្រឹងការវាយតម្លៃ ការងាររដ្ឋបាល និងការប្រើប្រាស់ប្រព័ន្ធ RMS
លោកប្រធានបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តការងារដោយមានភាពហ្មត់ចត់ ត្រឹមត្រូវ តម្លាភាព និងគ្មានភាពលំអៀង ជាពិសេសលើការពិនិត្យ និងគ្រប់គ្រងឯកសារពាក់ព័ន្ធនឹងវិជ្ជាជីវៈគិលានុបដ្ឋាក។ ទន្ទឹមនឹងនេះ ក៏បានជំរុញឱ្យមានការប្រើប្រាស់ និងគ្រប់គ្រងប្រព័ន្ធ RMS ឱ្យបានមានប្រសិទ្ធភាព និងម៉ឺងម៉ាត់ ដើម្បីធានាបាននូវភាពត្រឹមត្រូវនៃទិន្នន័យ ការងាយស្រួលក្នុងការតាមដាន និងការគ្រប់គ្រងការងារប្រកបដោយស្តង់ដារ។
២. ការលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈបន្ត (CPD) និងការត្រៀមស្នើសុំពិន្ទុសម្រាប់កម្មវិធី Colloque
កិច្ចប្រជុំបានផ្តោតសំខាន់លើការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈបន្ត (Continuous Professional Development – CPD) ដោយជំរុញ និងលើកទឹកចិត្តដល់បងប្អូនគិលានុបដ្ឋាកគ្រប់រូប ឱ្យចូលរួមក្នុងសកម្មភាពបណ្តុះបណ្តាលផ្សេងៗ ដូចជា៖
– ការបណ្តុះបណ្តាលផ្ទៃក្នុង (In-service Training)
– វគ្គសិក្សាអនឡាញ (Webinar)
– សិក្ខាសាលា និងវេទិកាវិទ្យាសាស្ត្រ
ការចូលរួមទាំងនេះ មានគោលបំណងធានាឱ្យបុគ្គលិកគិលានុបដ្ឋាកទទួលបានចំណេះដឹង បច្ចេកទេស និងនវានុវត្តន៍ថ្មីៗ ស្របតាមស្តង់ដារថែទាំសុខភាពទំនើប និងអាចឆ្លើយតបបានទាន់ពេលវេលាចំពោះតម្រូវការរបស់អ្នកជំងឺ។ ជាមួយគ្នានេះផងដែរ លោកប្រធានក៏បានណែនាំឱ្យសមាជិកទាំងអស់ត្រៀមលក្ខណៈចូលរួមឱ្យបានផុសផុលក្នុងកម្មវិធី Colloque (សន្និសីទវិទ្យាសាស្ត្រ) របស់មន្ទីរពេទ្យកាល់ម៉ែតនាពេលខាងមុខ ដើម្បីចែករំលែកបទពិសោធន៍ ចំណេះដឹង និងលទ្ធផលសិក្សាស្រាវជ្រាវនានា ដែលជាចំណែកសំខាន់ក្នុងការលើកកម្ពស់គុណភាពវិជ្ជាជីវៈគិលានុបដ្ឋាក។
៣. ការពង្រឹងការអនុវត្តវិជ្ជាជីវៈស្របច្បាប់
ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់យ៉ាងច្បាស់ថា គិលានុបដ្ឋាកទាំងអស់ដែលបំពេញការងារនៅក្នុងមន្ទីរពេទ្យ ត្រូវតែមានអាជ្ញាបណ្ណវិជ្ជាជីវៈគិលានុបដ្ឋាកដែលមានសុពលភាពជាដាច់ខាត។ ការអនុវត្តនេះ គឺដើម្បីធានាបាននូវសុវត្ថិភាពអ្នកជំងឺ ការគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ និង
ការអនុវត្តការងារស្របតាមច្បាប់ និងបទដ្ឋានវិជ្ជាជីវៈជាតិ។
ក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាក៏បានពិភាក្សាយ៉ាងយកចិត្តទុកដាក់លើបញ្ហាប្រឈមពាក់ព័ន្ធនឹងការបន្តសុពលភាពអាជ្ញាបណ្ណរបស់បងប្អូនគិលានុបដ្ឋាកមួយចំនួន ដែលកំពុងជួបការយឺតយ៉ាវដោយសារពុំទាន់ទទួលបានសញ្ញាបត្រផ្លូវការពីគ្រឹះស្ថានសិក្សា។ ក្នុងន័យនេះ ក្រុមប្រឹក្សាកំពុងស្វែងរកដំណោះស្រាយសមស្រប និងធ្វើការសម្របសម្រួលយ៉ាងសកម្មជាមួយភាគីពាក់ព័ន្ធ ដើម្បីជួយសម្រួលដល់ការបំពេញការងារ និងការបន្តអាជ្ញាបណ្ណរបស់បុគ្គលិកគិលានុបដ្ឋាកឱ្យបានទាន់ពេលវេលា។
ជាទីបញ្ចប់ ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យកាល់ម៉ែត នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងគុណភាព សមត្ថភាព ក្រមសីលធម៌ និងវិជ្ជាជីវៈរបស់គិលានុបដ្ឋាកគ្រប់រូប ដើម្បីធានាបាននូវការផ្តល់សេវាថែទាំសុខភាពប្រកបដោយសុវត្ថិភាព គុណភាព ប្រសិទ្ធភាព និងមនុស្សធម៌ខ្ពស់ ជូនដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា។







