- This event has passed.
ការថែទាំទារកដែលប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម
May 20
Event Navigation

ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានរៀបចំវគ្គបណ្តុះបណ្តាលអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) ស្តីពី «ការថែទាំទារកដែលប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម»។
ខេត្តសៀមរាប: នាថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាក និងតំណាងគណៈឆ្មប នៃ មន្ទីរពេទ្យជ័យវរ្ម័នទី៧ បានរៀបចំវគ្គបណ្តុះបណ្តាលអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) ស្តីពី «ការថែទាំទារកដែលប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម» ដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈ ចំណេះដឹង បច្ចេកទេស និងគុណភាពនៃការថែទាំទារកក្នុងស្ថានភាពធ្ងន់ធ្ងរ ឱ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានធ្វើបទបង្ហាញដោយលោក ហេង សែនកុសល នាយអគារ សង្គ្រោះបន្ទាន់ទារក (NICU) ដែលបានចែករំលែកបទពិសោធន៍ និងចំណេះដឹងជាក់ស្តែងក្នុងការថែទាំទារកប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម ដើម្បីលើកកម្ពស់សមត្ថភាពគិលានុបដ្ឋាក និងឆ្មបក្នុងការឆ្លើយតបទៅ នឹងស្ថានភាពបន្ទាន់ប្រកបដោយវិជ្ជាជីវៈ។
ក្នុងឱកាសនោះដែរ មានការអញ្ជើញចូលរួមពីលោកសាស្ត្រាចារ្យ យ៉ៃ ចន្ទនា នាយកមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាសៀមរាប) ព្រមទាំងគិលានុបដ្ឋាក-យិកា និងឆ្មបសរុបប្រមាណ ២០០នាក់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍វិជ្ជាជីវៈ។
វគ្គបណ្តុះបណ្តាលនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ក្នុងការជំរុញការអភិវឌ្ឍវិជ្ជាជីវៈបន្ត ដើម្បីលើកកម្ពស់គុណភាពសេវាថែទាំសុខភាពមាតា និងទារក ស្របតាមស្តង់ដារវិជ្ជាជីវៈ និងការពង្រឹងសុវត្ថិភាពអ្នកជំងឺនៅកម្ពុជា។



