- This event has passed.
សកម្មភាពនៃការចុះអភិបាលកិច្ចការងារថែទាំ នៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ។
July 11
Event Navigation
- « កិច្ចប្រជុំលេីកទី២ ស្តីពី «ការអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) និងការចែករំលែកបទពិសោធន៍ការថែទាំជំងឺនៅតាមមន្ទីរពេទ្យ» នៅខេត្តត្បូងឃ្មុំ
- ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកោះកុង រៀបចំវគ្គបណ្ដុះបណ្ដាលអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) ស្តីពី «សេចក្ដីណែនាំក្នុងការអនុវត្តការសង្គ្រោះសម្រាប់គិលានុបដ្ឋាក» តាមប្រព័ន្ធនិម្មិត (Zoom) »

សកម្មភាពនៃការចុះអភិបាលកិច្ចការងារថែទាំ នៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ។
ខេត្តត្បូងឃ្មុំ៖ នាថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីបានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំស្តីពី «ការអភិវឌ្ឍវិជ្ជាជីវៈបន្ត (Continuing Professional Development: CPD) និងការចែករំលែកបទពិសោធន៍ការថែទាំជំងឺនៅតាមមន្ទីរពេទ្យ» ដែលរៀបចំដោយក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តត្បូងឃ្មុំ លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា បានបន្តដឹកនាំក្រុមការងារចុះអភិបាលកិច្ចការងារថែទាំ នៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មា ដើម្បីពិនិត្យ វាយតម្លៃ និងផ្តល់អនុសាសន៍លើការអនុវត្តការងារថែទាំ សំដៅពង្រឹងគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពនៃសេវាថែទាំអ្នកជំងឺ។
ការចុះអភិបាលកិច្ចនេះ បានផ្តោតលើការពិនិត្យស្ថានភាពជាក់ស្តែងនៃការផ្តល់សេវាថែទាំ ការអនុវត្តស្តង់ដារវិជ្ជាជីវៈ ការរៀបចំឯកសារគិលានុបដ្ឋាក ការគ្រប់គ្រងហានិភ័យ ការបង្ការ និងការត្រួតពិនិត្យការឆ្លងមេរោគ (IPC) ព្រមទាំងការអនុវត្តវិធានការលើកកម្ពស់សុវត្ថិភាពអ្នកជំងឺ និងគុណភាពសេវាកម្មក្នុងមន្ទីរពេទ្យ។
ក្នុងឱកាសនោះ លោកប្រធានបានកោតសរសើរចំពោះការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងក្រុមគិលានុបដ្ឋាក ដែលបានខិតខំអនុវត្តការងារថែទាំប្រកបដោយការទទួលខុសត្រូវ និងបន្តលើកកម្ពស់គុណភាពសេវាសុខាភិបាល។ ទន្ទឹមនឹងនេះ លោកក៏បានផ្តល់អនុសាសន៍ឱ្យបន្តពង្រឹងការអនុវត្តស្តង់ដារវិជ្ជាជីវៈ ការកត់ត្រាឯកសារថែទាំឱ្យបានត្រឹមត្រូវ ការប្រើប្រាស់ភស្តុតាងវិទ្យាសាស្ត្រក្នុងការផ្តល់សេវាថែទាំ និងការលើកកម្ពស់វប្បធម៌សុវត្ថិភាពអ្នកជំងឺនៅគ្រប់ផ្នែកសេវា។
លោកប្រធានបានគូសបញ្ជាក់ថា ការអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) គឺជាយន្តការសំខាន់សម្រាប់ការរៀនសូត្រពេញមួយជីវិតរបស់គិលានុបដ្ឋាក និងជាមូលដ្ឋានគ្រឹះក្នុងការពង្រឹងសមត្ថភាពវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃវិទ្យាសាស្ត្រសុខាភិបាល និងតម្រូវការរបស់ប្រព័ន្ធសុខាភិបាលកម្ពុជា។ លោកបានលើកឡើងថា «ការអភិវឌ្ឍវិជ្ជាជីវៈបន្ត គឺជាការប្តេជ្ញាចិត្តក្នុងការពង្រឹងសមត្ថភាព និងគុណភាពសេវាថែទាំ ដើម្បីឆ្លើយតបនឹងទំនុកចិត្ត និងសេចក្តីរំពឹងរបស់ប្រជាពលរដ្ឋ»។
ការចុះអភិបាលកិច្ចនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់គណៈគិលានុបដ្ឋាកកម្ពុជា ក្នុងការពង្រឹងប្រព័ន្ធអភិបាលកិច្ចវិជ្ជាជីវៈគិលានុបដ្ឋាក ការអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) និងការរៀនសូត្រពេញមួយជីវិត ស្របតាមស្តង់ដារជាតិ និងអន្តរជាតិ ដើម្បីលើកកម្ពស់គុណភាព សុវត្ថិភាព និងឧត្តមភាពនៃការផ្តល់សេវាថែទាំសុខភាព ជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា។














































