Loading Events

« All Events

  • This event has passed.

កម្មវិធីសន្និសីទ ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តសៀមរាប សម្រាប់ឆ្នាំ ២០២៦

July 25

កម្មវិធីសន្និសីទ ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តសៀមរាប សម្រាប់ឆ្នាំ ២០២៦។

ខេត្តសៀមរាបៈ នាព្រឹកថ្ងៃសៅរ៍ ១១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា បានអញ្ជើញចូលរួមក្នុង «កម្មវិធីសន្និសីទ ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តសៀមរាប» ដែលប្រារព្ធធ្វើនៅសាលសន្និសីទ សណ្ឋាគារ Empress Angkor Resort & Spa ខេត្តសៀមរាប។

កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវសាស្ត្រាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត អៀប ប៊ុនលឿន អនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប និងថ្នាក់ដឹកនាំ នាយកមន្ទីរពេទ្យ មន្ត្រីសុខាភិបាល គិលានុបដ្ឋាក និស្សិតគិលានុបដ្ឋាក និងដៃគូអភិវឌ្ឍជាតិនិង អន្តរជាតិចំនួន ៤៥៨ រូប។

សន្និសីទនេះ ត្រូវបានរៀបចំឡើងដោយ ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តសៀមរាប ក្នុងគោលបំណងពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងលើកកម្ពស់គុណភាពសេវាថែទាំ តាមរយៈចំនុចសំខាន់ៗចំនួន ៣ រួមមាន៖
១) ការផ្សព្វផ្សាយ និងអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត (Continuous Professional Development – CPD) ដើម្បីធានាឱ្យគិលានុបដ្ឋាក និងឆ្មប បន្តធ្វើបច្ចុប្បន្នភាពចំណេះដឹង ជំនាញ និងសមត្ថភាព ស្របតាមការវិវឌ្ឍនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាថែទាំសុខភាព។
២) ការលើកកម្ពស់វិជ្ជាជីវៈ គុណភាពថែទាំ និងសុវត្ថិភាពអ្នកជំងឺ (Patient Safety) ដោយជំរុញការអនុវត្តសេវាថែទាំប្រកបដោយគុណភាព ក្រមសីលធម៌វិជ្ជាជីវៈ និងផ្តោតលើសុវត្ថិភាពអ្នកជំងឺជាអាទិភាព ស្របតាមគោលនយោបាយសុខាភិបាលជាតិ និងស្តង់ដារអន្តរជាតិ។
៣) ការពង្រឹងការយល់ដឹងអំពីការប្រកបវិជ្ជាជីវៈ និងការគ្រប់គ្រងថ្នាក់មូលដ្ឋាន ដើម្បីបង្កើនសមត្ថភាពដឹកនាំ ការគ្រប់គ្រង និងការអនុវត្តការងាររបស់គិលានុបដ្ឋាកនៅគ្រប់កម្រិត ព្រមទាំងលើកកម្ពស់ការអនុវត្តតាមលិខិតបទដ្ឋានគតិយុត្ត និងក្រមសីលធម៌វិជ្ជាជីវៈ។

ការរៀបចំសន្និសីទនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរបស់ក្រសួងសុខាភិបាល គណៈគិលានុបដ្ឋាកកម្ពុជា និងក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តសៀមរាប ក្នុងការបន្តពង្រឹងសមត្ថភាពធនធានមនុស្ស ផ្សព្វផ្សាយការអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) និងលើកកម្ពស់គុណភាពសេវាថែទាំ ដើម្បីរួមចំណែកសម្រេចបាននូវប្រព័ន្ធសុខាភិបាលប្រកបដោយគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋកម្ពុជា។

#CCN

Details

Date:
July 25